logo
Header Logo
News Detail
thumbnail
មកដឹងអំពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ»
1K
23-Dec-2024
National news
Link

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីអនុវត្តបុគ្គលដែលអាចស្នើសុំលិខិតបញ្ជាក់ទីលំនៅបានរួមមាន៖ ក.សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ, ខ.អ្នកតំណាងរបស់សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ, គ.អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកតំណាងដោយអាណត្តិរបស់បុគ្គលដូចមានចែងនៅក្នុងចំណុច ក និង ខ, និងឃ.បុគ្គលផ្សេងទៀតដែលត្រូវបានចាត់ទុកថាមានប្រយោជន៍ស្របច្បាប់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 


ផ្អែកតាមច្បាប់ដដែល ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា មន្រ្តីចុះបញ្ជីស្នាក់នៅ ក៏អាចបដិសេធការស្នើសុំលិខិតបញ្ជាក់ទីលំនៅបានដែរ ដោយត្រូវផ្ដល់មូលហេតុចំពោះការបដិសេធនោះជាលាយលក្ខណ៍អក្សរ។ ការបដិសេធនេះអាចត្រូវបានប្ដឹងមិនសុខចិត្ត ដូចមានចែងក្នុងផ្នែកទី៧ (ការប្ដឹងមិនសុខចិត្ត) នៃច្បាប់ដដែល។ 


យោងតាមផ្នែកទី៧ បុគ្គលដែលបានស្នើសុំទៅមន្ត្រីចុះបញ្ជីស្នាក់នៅ ដើម្បីចុះបញ្ជីស្នាក់នៅ ឬកែតម្រូវបញ្ជី ស្នាក់នៅ ឬសំណើផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតអាចប្តឹងមិនសុខចិត្តនឹង ការចាត់ចែង រួមទាំងសេចក្តីសម្រេច ឬការយឺតយ៉ាវ ឬការធ្វេសប្រហែសក្នុងការចាត់ចែងបាន។ បែបបទ និងនីតិវិធីនៃការប្តឹងមិនសុខចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ញត្តិនេះមិនរារាំងការប្តឹងទៅតុលាការដោយផ្ទាល់ឡើយ។


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានពន្យល់ទៀតថា ចំពោះសាមីខ្លួន ដែលមានបំណងស្នើសុំធ្វើលិខិតបញ្ជាក់ទីលំនៅ ដើម្បីយកទៅប្រើប្រាស់ ត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ សាមីខ្លួនត្រូវភ្ជាប់ជាមួយនូវឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ បើសិនជាមិនមានឯកសារទាំងអស់នេះទេ សាមីខ្លួនអាចភ្ជាប់មកជាមួយនូវកិច្ចសន្យាផ្សេងៗ ដែលទទួលស្គាល់ដោយមេភូមិ មេឃុំ ឬចៅសង្កាត់ក្នុងមូលដ្ឋានបច្ចុប្បន្ន។ ក្នុងករណីផ្លាស់ប្តូរទីលំនៅ សាមីខ្លួនអាចភ្ជាប់ឯកសារផ្លាស់ចេញពីប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋានចាស់ ប្រគល់ជូនមន្ត្រីឃុំសង្កាត់ថ្មី ព្រមទាំងភ្ជាប់មកជាមួយនូវរូបថតទំហំ ៤×៦ ចំនួនកំណត់ទៅតាមការស្នើសុំ។ សេវានេះយូរបំផុត៣ថ្ងៃ ហើយភាគច្រើនពលរដ្ឋអាចទទួលបានភ្លាមៗ លឿនជាងច្បាប់កំណត់ផងដែរ៕ 


ប្រភព៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior