

ខេត្តកំពង់ស្ពឺ៖ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ នៃធនាគារពិភពលោក (World Bank) លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងមហាផ្ទៃចុះទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តមុខងារ តួនាទី ភារកិច្ច ការរៀបចំផែនការ និងថវិកា ការគាំទ្រនិងអនុវត្តគម្រោងរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកសម្រាប់ផ្តល់ជាធាតុចូលក្នុងការគិតគូរនៃរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតទៅលើការពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលធន់នឹងការបម្រែបម្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូជាតិ និងអន្តរជាតិបានជួបសំណេះសំណាល និងប្រជុំជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សហគ្រាសធុនតូច រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការចូលរួមក្នុងដំណើរការកសាងផែនការ សមិទ្ធផល និងបញ្ហាប្រឈមនានា។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងធនាគារពិភពលោក សាលាជាតិរដ្ឋបាលមូលដ្ឋាន រដ្ឋបាលស្រុកសំរោងទង រដ្ឋបាលឃុំសែនដី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសហគ្រាសធុនតូច សរុបចំនួន ២៩រូប ស្រី៥រូប។









