

សៀមរាប ៖ ថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះអនុវត្តសកម្មភាពផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានធ្វើការផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សតាមសាលារៀន ព្រមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងទីវត្តអារាម ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
បន្ថែមពីនេះ កម្លាំងជំនាញក៏បានចុះបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងអ្នកដែលអត្តសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញមកស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ក៏បានប្រគល់ជូនប្រជាពលរដ្ឋនូវសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបំពេញនីតិវិធីរួចរាល់ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









