

ស្ទឹងត្រែង៖នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបូកសរុបចលនាការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរក្រុងស្រុក-ឃុំសង្កាត់ពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ក្នុងគោលបំណងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ និងបូកសរុបការងារ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាយ៉ាងសកម្មពីគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងការចង្អុលបង្ហាញដ៏ម៉ត់ចត់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់បានលះបង់កម្លាំងកាយចិត្ត ប្រឹងប្រែងបំពេញតួនាទីស្នូលក្នុងការថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងបន្ថែមថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារថែរក្សាសន្តិសុខមូលដ្ឋាន គ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវបន្តចូលរួមសហការយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលកើតមានឡើងជា យថាហេតុ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជាផ្លែផ្កា។
ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមរដ្ឋលេខាធិការ បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចខេត្តយកទៅអនុវត្ត៖កម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់លើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយត្រូវដោះស្រាយឱ្យបានយ៉ាងតិច៨៥ភាគរយ និងដាច់ខាតមិនត្រូវទុកចោលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឡើយ។ត្រូវជំរុញការរៀបចំវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីបើកទូលាយឱ្យប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ និងសំណូមពរនានានៅមូលដ្ឋាន។បន្តជំរុញការឧបត្ថម្ភ និងជួយដោះស្រាយជីវភាពដល់គ្រួសារកងកម្លាំងពលីក្នុងបុព្វហេតុជាតិសាសន៍។ត្រូវសហការគ្នាចាត់វិធានការទប់ស្កាត់ និងបកស្រាយបំភ្លឺព័ត៌មានមិនពិត (Fake News) ឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការយល់ច្រឡំក្នុងសង្គម។
ការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តជំរុញអនុវត្តឱ្យស៊ីជម្រៅ ដើម្បីធានាបាននូវភាពសុខដុមរមនា និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន៕









