logo
Header Logo
News Detail
thumbnail
ស្រ្តីជិតរួចទោសម្នាក់ លាតត្រដាងជីវិតផ្ទាល់ខ្លួន ពីអ្នកប្រើប្រាស់ទៅជាអ្នកជួញដូរគ្រឿងញៀន ដើម្បីជួយសង្គម
1K
12-Mar-2025
National news
Link

ផ្ដើមចេញពីការចង់សាក ចង់ដឹង ចង់ភ្លក់ និងការអូសទាញពីមិត្តភក្ដិ ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ធំ មួយរូបបានផុងខ្លួនក្លាយជាអ្នកសេពគ្រឿងញៀនដកខ្លួនលែងបាន រហូតទីបំផុតក្លាយជាអ្នកចែកចាយគ្រឿងញៀនតែម្ដង។ និយាយទាំងអារម្មណ៍ក្ដុកក្ដួល ស្រ្តីព្រាត់កូនរូបនេះ បានរៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) អំពីរបត់ជីវិតប្រកបដោយវិប្បដិសារី តាំងពីខ្លួននៅជាប្រពន្ធ ជាម្ដាយ និងជាកូនល្អ ដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូន ចិញ្ចឹមឪពុកម្ដាយ រហូតក្លាយជាអ្នកទោស។ 


មានមាឌធំល្មម សមជាបុរស ស្រ្តីវ័យប្រមាណជាង២០ឆ្នាំរូបនេះ បានរម្លឹកថា ខ្លួនបានរាប់អានមិត្តភក្ដិដែលប្រើប្រាស់គ្រឿងញៀននិងបានចាញ់បោកការលួងលោមរបស់មិត្តភក្ដិ ធ្វើឱ្យផុងខ្លួនសេពគ្រឿងញៀនដកខ្លួនលែងរួច មិនត្រឹមតែប៉ុណ្ណោះក៏បានវិវត្តខ្លួនទៅជាអ្នកជួញដូរគ្រឿងអស់រយៈពេល១ឆ្នាំទៀត ទម្រាំសមត្ថកិច្ចឃាត់ខ្លួន។ និយាយទាំងអួលដើមក៏ ស្រ្តីរូបនោះ បានបន្តថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រឿងដំបូងដែលនឹកឃើញនោះ គឺកូនទាំង២នាក់ ប្ដី និងម្ដាយឪពុកជាទីស្រឡាញ់ ដែលតែងតែណែនាំ ទូន្មាន ប្រៀនប្រដៅឱ្យខ្លួនបញ្ឈប់សកម្មភាពសេពគ្រឿងញៀន ប៉ុន្តែខ្លួននៅតែមិនស្ដាប់ បែរជានៅតែប្រព្រឹត្ត ទាំងខ្លួនដឹងច្បាស់ថាមិនរួចខ្លួនពីសំណាញ់ច្បាប់។ បន្ទាប់ពីត្រូវបានតុលាការចេញសាលក្រមឱ្យជាប់ទោស២ឆ្នាំ ខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងស្ដាយក្រោយកាន់តែខ្លាំងពីទង្វើដែលបានប្រព្រឹត្ត និងការមិនស្ដាប់បង្គាប់គ្រួសារ។ 


និយាយទាំងញ័រដៃផង ក្ដាប់ដៃផង នាងបានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងប៉ុន្តែមានមន្រ្តីពន្ធនាគារជួយអប់រំ ណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់។ នាងបន្ថែមថា«ក្រោយពីបានទទួលបានការអប់រំពីអ្នកស្រី[មន្រ្តីពន្ធនាគារ] ខ្ញុំចាប់ផ្ដើមដឹងខ្លួន និងនឹកដល់អ្នកដែលខ្ញុំបានលក់គ្រឿងញៀន ខ្ញុំពិតជាសោកស្ដាកណាស់។ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីកូន ប្ដី ជាពិសេសកំហុសដែលធ្ងន់បំផុតខ្ញុំបានចូលរួមអូសទាញដល់អ្នកដទៃទៀតឱ្យប្រើប្រាស់គ្រឿងញៀនដូចខ្ញុំដែរ។ នេះជាវិប្បដិសារីដែលខ្ញុំមិនអាចបំភ្លេច»។ 


តាមរយៈបទសម្ភាសជាមួយក្រុមការងារ នាងបានបង្ហាញក្ដីសង្ឃឹមថា«ការចែករំលែកនេះ សូមជាបទពិសោធន៍ទៅដល់ប្អូនៗ បងៗដែលកំពុង និងចាប់ផ្ដើមជួញដូរ និងប្រើប្រាស់គ្រឿងញៀនកុំយកគំរូតាមខ្ញុំ និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើមិនចង់ព្រាត់ប្រាស់គ្រួសារដូចខ្ញុំ គឺត្រូវកែប្រែខ្លួនបន្តិចម្ដងៗតាមរយៈការចូលរួមធ្វើសកម្មភាពល្អដែលសង្គមទទួលស្គាល់ កុំចង់សាក ចង់ដឹងដូចខ្ញុំអី វាមិនចំណេញដល់ខ្លួនទេ វាមានតែបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ»។ 


«ឥឡូវនេះខ្ញុំបានផ្ដាច់គ្រឿងញៀនបានហើយ! ហើយខ្ញុំក៏នៅរង់ចាំតែ១៧ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំបានជួបក្រុមគ្រួសារ ជួបកូនខ្ញុំហើយ!»។ ភ្ជាប់នឹងការទទួលដំណឹងដ៏រីករាយនេះ នាងបានអះអាងយ៉ាងជឿជាក់ថា« ខ្ញុំសន្យាថាពេលចេញទៅវិញនឹងរកការងារស្របច្បាប់ធ្វើមិនប្រព្រឹត្តខ្លួនតាមកន្លងចាស់នោះទេ...»៕ 


សូមរង់ចាំទស្សនាកិច្ចសម្ភាសពិសេសរវាងក្រុមមន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងស្ដ្រីខាងលើដែលនឹងចេញផ្សាយឆាប់ៗនេះ...!


ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior