

ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងមាត់ពីសំណាក់ លោកឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ កម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្តអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះយានយន្តដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដែលមិនគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំង នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងដូនកែវ ខេត្តតាកែវ។
លោកវរសេនីយ៍ឯក មឿង សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការចុះដាក់ត្រួតពិនិត្យ យានយន្តខុសបច្ចេកទេសនេះក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់យានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ហើយចំពោះរថយន្តដែរបំពាក់ភ្លើងខុសលក្ខណ បច្ចេកទេសនិងគ្មានបណ្ណបើកបរ លោកបានណែនាំអោយម្ចាស់រថយន្តត្រូវដោះភ្លើងចេញ រថយន្តមានតកន្ទុយក្រោយត្រូវអោយម្ចាស់រថយន្តដោះចេញ ។ ជាក់ស្តែង យានយន្តមួយចំនួនត្រូវបានកែប្រែទំហំតួរថយន្ត បន្ថែមទ្រុងដែក ប្តូរប្រព័ន្ធបច្ចេកទេស ឬដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាកត្តាបង្កឱ្យបាត់បង់លំនឹងពេលបើកបរ ងាយក្រឡាប់ ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅលើដងផ្លូវ។ លើសពីនេះ ការកែឆ្នៃខុសបច្ចេកទេសក៏អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
មន្ត្រីនគរបាលចរាចរណ៍ បានអំពាវនាវដល់ម្ចាស់យានយន្ត និងអ្នកបើកបរទាំងអស់ ត្រូវគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ និងចៀសវាងការកែឆ្នៃដែលផ្ទុយពីបទដ្ឋានបច្ចេកទេសកំណត់ដោយច្បាប់។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ








