ខេត្តកែប៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសហការរៀបចំពិធីសំណេះសំណាល អបអរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ" ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥។
សមាសភាពចូលរួមក្នុងឱកាសនោះ មានឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈ កម្មាធិការសាខា មន្ត្រីសាខា ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត ព្រមទាំង បងប្អូនជាស្ត្រីមានផ្ទៃពោះ និងស្ត្រី មានកូនតូច សរុបចំនួន ៣៧នាក់។
អង្គពិធីទាំងមូល បានតាមដានស្តាប់ដោយយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុង នៃ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ផែនការសកម្មភាពរួមអគ្គលេខា
ធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ ដែលផ្ញើជូនបងប្អូន ជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលអាន ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា និងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត។
មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពសទាំងឡាយ ៦ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តី មានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិចចំនួន ៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តរកមេរោគដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍/ស្វាយពីម្ដាយទៅកូន។ ត្រូវ សម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
ក្រោយពេលសម្រាលស្ត្រីជាមាតា ត្រូវទៅពិនិត្យសុខភាពដោយយកកូនទៅពិនិត្យផង ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ។ សូមយុវជន យុវតី និងស្ត្រីក្នុងវ័យបន្តពូជ ទៅពិគ្រោះយោបល់ ទទួលការណែនាំ ពិនិត្យព្យាបាលជំងឺ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ហើយចូលរួមទប់ស្កាត់ជំងឺមហារីកមាត់ស្បូន ដោយនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំងបង្ការជំងឺនេះឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខា ក៏បានក្រើនរំលឹកដល់ មន្ត្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និង អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ឱ្យខិតខំអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសូមសហការជិតស្និទ្ធ ក្នុងការចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដាន ជំរុញ បញ្ជូនស្ត្រី ឬ យុវតី មកទទួលសេវា នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ឬ តាមការណាត់ជួប កុំបីខាន។ សម្ភារអនុស្សាវរីយ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ៣៧នាក់ ម្នាក់ៗទទួលបាន៖ ឃីត១កញ្ចប់ រួមមាន (សារុង ២ កន្សែងពោះគោធំ១ ,ក្រម៉ា១ ,សាប៊ូដុំ២ដុំ ,ថ្នាំដុសធ្មេញ១ដប ,ច្រាស់ដុសធ្មេញ១) ,មី១កេស ,ទឹកដោះគោឆៅ ១ឡូ ,ចានដែកធំ១ និងថវិកា ៥០.០០០រៀល។
បន្ទាប់ពិធីសំណេះសំណាលរួច ឯកឧត្តមបណ្ឌិតប្រធាន និងក្រុមការងារ ក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនរួចចំនួន ៤គ្រួសារ ទៀតផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកែប