logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កាយវិការលំហាត់របៀប និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
41
08-Jun-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កាយវិការលំហាត់របៀប និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការអញ្ចេីញចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងសមាជិក សមាជិកា ជាសិក្ខាកាមជាច្រេីនរូបផងដែរ។ 


ជាកិច្ចចាប់ផ្តេីម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានមានប្រសាសន៍បេីកអង្គពិធីនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានឯកឧត្តម លោកជំទាវ គណៈអធិបតី លោកគ្រូនៃបណ្ឌិតសភានគរបាលជាតិ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ សមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុង វគ្គបណ្តុះបណ្តាលនាពេលនេះ។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានលេីកឡេីងថា ក្នុងបរិបទនៃការកែទម្រង់ និង ទំនើបកម្មកងកម្លាំងនគរបាលជាតិនាពេលបច្ចុប្បន្ន ការពង្រឹងវិន័យ កាយវិការលំហាត់របៀប និងការពង្រឹងការស្លៀកពាក់ឯកសណ្ឋាន គឺជាកត្តា ចាំបាច់ដែលមិនអាចខ្វះបាន វាមិនត្រឹមតែជួយលើកកម្ពស់គុណភាពការងារ និង សមត្ថភាពវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ក្នុងការកសាងកម្លាំងនគរបាលជាតិ ឱ្យក្លាយជាកងកម្លាំងដែលមាន វិន័យខ្ពស់ និងមានប្រសិទ្ធភាព ស្របតាមគោល នយោបាយ និងទិសដៅដឹកនាំរបស់ រាជរដ្ឋាភិបាល។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ជាការពិតណាស់ កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលក្នុងការការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋ ដើម្បីអនុវត្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះបានជោគជ័យ មន្ត្រីនគរបាលគ្រប់រូបត្រូវតែ មានវិន័យខ្ពស់ សីលធម៌ល្អ ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញភារកិច្ច។


ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំងអស់ ដែលជាមន្ត្រី នគរបាលជាតិចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យយកចិត្តទុកដាក់អនុវត្តនូវចំណុចសំខាន់ៗ មួយចំនួន ដើម្បីឱ្យវគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ និងអាចយកចំណេះដឹង ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅក្នុងការងារជាក់ស្តែង ដូចខាងក្រោម៖ 


១. សិក្ខាកាមទាំងអស់ត្រូវយល់ថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ មិនមែនជា ការបំពេញកាតព្វកិច្ចតាមការចាត់តាំងរបស់អង្គភាពតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងសម័យដែលស្ថានភាពសង្គម បច្ចេកវិទ្យា និងបទល្មើសមានការវិវត្តឥតឈប់ឈរ មន្ត្រីនគរបាល មិនអាចឈរនៅមួយកន្លែងបានឡើយ។ យើងត្រូវបន្តរៀនសូត្រ បន្តអភិវឌ្ឍខ្លួន និងបន្តពង្រឹង សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ និងបញ្ហាប្រឈមដែលកើតឡើងជាបន្តបន្ទាប់។ 


២. សូមឱ្យសិក្ខាកាមទាំងអស់ត្រូវមានស្មារតីម្ចាស់ការ មានឆន្ទៈខ្ពស់ក្នុងការសិក្សា និងត្រូវកំណត់គោលដៅឱ្យច្បាស់ថា អ្វីដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវ យកទៅបម្រើអង្គភាព បម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ។ 


៣. សូមសិក្ខាកាមទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជា បទវិន័យ និង កាលវិភាគដែលបានកំណត់ដោយគណៈគ្រប់គ្រងវគ្គ ត្រូវមានវត្តមានទាន់ពេលវេលា មិនត្រូវអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ មិនត្រូវចាកចេញពីថ្នាក់រៀនដោយគ្មានការអនុញ្ញាត និងត្រូវរក្សាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសិក្សា វិន័យក្នុងពេលបណ្តុះបណ្តាល គឺជាការឆ្លុះបញ្ចាំងពីវិន័យក្នុងពេលបំពេញភារកិច្ចជាក់ស្តែង។ 


៤. សិក្ខាកាមទាំងអស់ចូលរួមសកម្មភាពសិក្សាឱ្យបានផុលផុស កុំគ្រាន់តែអង្គុយ ស្តាប់ប៉ុណ្ណោះត្រូវហ៊ានសួរ ហ៊ានឆ្លើយ ហ៊ានផ្តល់យោបល់ និងហ៊ានលើកឡើងនូវបញ្ហា ប្រឈមដែលខ្លួនបានជួបប្រទះក្នុងការងារជាក់ស្តែង ដើម្បីឱ្យគ្រូឧទ្ទេស និងសិក្ខាកាមដទៃ ទៀតអាចរួមគ្នាពិភាក្សា និងរកដំណោះស្រាយបានកាន់តែល្អប្រសើរ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក គឺជាប្រភពចំណេះដឹងដ៏មានតម្លៃ ដែលជួយឱ្យការសិក្សាកាន់ តែមានប្រសិទ្ធភាព។


៥. សិក្ខាកាមត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមុខវិជ្ជាលំហាត់របៀប ពីព្រោះវាមិនមែនជាទ្រឹស្តីសម្រាប់អាន ឬសម្រាប់ស្តាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍ ដែលត្រូវយកទៅអនុវត្តជារៀងរាល់ថ្ងៃត្រូវរៀនឱ្យយល់ រៀនឱ្យចាំ និងរៀនដើម្បីអនុវត្ត។ ការគោរពវិន័យចាប់ផ្តើមពីរឿងតូចៗ ដូចជាការគោរពម៉ោង ការគោរពបទបញ្ជា ការគោរពថ្នាក់ដឹកនាំ ការគោរពសហការី និងការគោរពប្រជាពលរដ្ឋ។


៦. ក្នុងនាមជាមន្ត្រីនគរបាលជាតិ សិក្ខាកាមទាំងអស់រក្សានូវក្រមសីលធម៌ វិជ្ជាជីវៈ និងអាកប្បកិរិយាល្អគ្រប់ពេលវេលា ត្រូវមានភាពស្មោះត្រង់ ភាពថ្លៃថ្នូរ ភាពអត់ធ្មត់ និងការ ទទួលខុសត្រូវខ្ពស់ កុំប្រើប្រាស់អំណាចតួនាទីខុសគោលការណ៍ កុំប្រព្រឹត្តអំពើដែលប៉ះ ពាល់ដល់កិត្តិយសរបស់កងកម្លាំង និងកុំឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនមានឥទ្ធិពលលើការ អនុវត្តការងារ។


មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជឿជាក់យ៉ាងមុតមាំថាតាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួល បាននូវចំណេះដឹង បទពិសោធន៍ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីបទវិន័យនគរបាលជាតិ កាយវិការហាត់របៀប និងការស្លៀកពាក់ឯកសណ្ឋាន ចំណេះដឹងទាំងនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងគុណភាពការងារ ការអនុវត្តតួនាទីភារកិច្ច និងការលើក កម្ពស់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល។


ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជូនពរដល់គណៈអធិបតី គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ សូមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសូមឱ្យវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលល្អប្រសើរតាមគោលបំណងដែលបានគ្រោងទុកផងដែរ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior