logo
Header Logo
News Detail
thumbnail
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងស្ថានទូតអាម៉េរិក រំលេចស្នាដៃសហការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន
294
20-Aug-2026
National news
Link

ការបង្ក្រាបបានដោយជោគជ័យ បទល្មើសគ្រឿងញៀនខ្នាតធំមួយ លើដីកោះខេត្តព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាទឡ្ហីករណ៍ជាក់ស្ដែងថ្មីមួយទៀតដែលបញ្ជាក់ពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក។ លទ្ធផលនេះ ត្រូវបានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកថាជាការរួមចំណែករវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មមានការរៀបចំជាប្រព័ន្ធ។


នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម។


បើតាមស្ថានទូតអាម៉េរិក កិច្ចសហប្រតិបត្តិការរវាង ការិយាល័យ DEA ប្រចាំនៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey ក៏បានជួយឱ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោន រកឃើញបណ្តាញក្នុងស្រុកមួយ ដែលមានប្រតិបត្តិការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ឱ្យក្រុម Sinaloa Cartel។ ស្ថានទូតបានចាត់ទុកប្រតិបត្តិការជាមួយកម្ពុជាទាំងនេះជាប្រតិបត្តិការកម្រិតខ្ពស់ និងជាការបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។ 


ពីចំណែកកម្ពុជា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២០ ខែសីហានេះថាកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអាម៉េរិក មិនមែនទើបតែមានថ្មីថ្មោងនេះទេ ប៉ុន្តែគឺជាបច្ច័យវិជ្ជមានថ្មីមួយទៀតដែលបានមកពីការបន្តនយោបាយដឹកនាំរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកបានបន្ថែមក្នុងន័យដើមថា«យើងបានធ្វើការងារជាមួយគ្នាជាច្រើនទសវត្សរ៍មកហើយ ទៅលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀននេះតែម្តង»។ 


បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន កម្ពុជា និងអាម៉េរិក បានកំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម ហើយថាកម្ពុជាក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធ (FBI) លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។


អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនខុសពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅដែរ គឺតែងតែ និងបានបន្តបើកទូលាយជាមួយរាល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីកម្ចាត់ទាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែននានា សំដៅធានានាំមកនូវវិបុលភាពជូនប្រជាជនកម្ពុជា អាម៉េរិក និងមនុស្សជាតិលើពិភពលោក៕

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior