logo
Header Logo
News Detail
thumbnail
មន្រ្តីនគរបាលជាតិប្រមាណ៧០០នាក់ ដែលទើបប្រលងជាប់ក្របខ័ណ្ឌបំពេញជួសប្រចាំឆ្នាំ២០២៤ និងត្រូវទៅបំពេញការងារនៅតាមប៉ុស្តិ៍នគរបាលនៅស្រុកកំណើតរៀងៗខ្លួន
3K
15-Jan-2025
National news
Link

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តី​នគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដោយមានការចូល​រួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹត្យភាព ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រមាណ៧០០នាក់ផងដែរ។  

 

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រមាណ៧០០នាក់នេះ ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ក្រុង ស្រុក និងខណ្ឌនោះផ្ទាល់តែម្ដង ពោលគឺមិនមែន​ជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។ ឯកឧត្តមបណ្ឌិត​បន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់គោលការណ៍​ណែនាំឱ្យអនុវត្តការប្រឡងជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជនដែលមានមូលដ្ឋាន​នៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជន ហើយក៏គ្មានហេតុផលអ្វីត្រូវសុំផ្លាស់ចេញ​ក្រោយការតាំងស៊ុបនោះដែរ។  

 

សូមបញ្ជាក់ថា បើយោងតាមលទ្ធផលជាប់ស្ថាពរដែលត្រូវបាន​ប្រកាសផ្សាយកាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តី​នគរបាលជាតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ៧០០នាក់នោះ ខេត្តកំពង់ឆ្នាំងមាន៥៩នាក់ កណ្ដាល៦៤នាក់ ក្រចេះ៣០នាក់ កំពង់ស្ពឺ៦២នាក់ កោះកុង៦នាក់ ប៉ៃលិន៥នាក់ តាកែវ៦០នាក់ បាត់ដំបង៦៨នាក់ ពោធិ៍សាត់៧៧នាក់ ព្រះសីហនុ១៥នាក់ មណ្ឌលគិរី២នាក់ រតនគិរី៦នាក់ រាជធានីភ្នំពេញ៩៤នាក់ សៀមរាប៨៣នាក់ ស្វាយរៀង៤៣នាក់ និងឧត្តរមានជ័យ៣៧នាក់។ ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា មុនចេញទៅបំពេញការងារនៅ​ប៉ុស្តិ៍នគរបាលដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់​ត្រូវឆ្លង​កាត់ការបណ្ដុះបណ្ដាល និងជាប់កម្រិតបឋម​វិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភានគរបាលជាតិ ដោយមាន​សាលានគរបាលជាតិតាមបណ្ដាភូមិភាគជាសេនាធិការ៕

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior