logo
Header Logo
News Detail
thumbnail
ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងរយៈពេលនៃការទទួលបាន
2K
07-Nov-2024
National news
Link

សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ យោងតាមសេចក្តីណែនាំលេខ ០០១សណន របស់អគ្គនាយកដ្ឋានអត្តសញ្ញណកម្មក្រសួងមហាផ្ទៃ សៀវភៅស្នាក់នៅ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។


ផ្អែកលើសេចក្ដីណែនាំលេខ០០១ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បុគ្គលដែលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅបាន គឺជាប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលជាសញ្ជាតិខ្មែរ រួមទាំងជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែក បុគ្គលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ ជនបរទេសចូល និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិដែលកំពុងរស់នៅប្រមូលផ្តុំក្នុង បន្ទាយមិនចាត់ទុកជាលំនៅឋាន (ប៉ុន្តែបុគ្គលទាំងនោះត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅតាមលំនៅឋានអចិន្ត្រៃយ៍ជាមួយក្រុមគ្រួសាររៀងៗខ្លួន)។


ជានីតិវិធីនៃការចុះបញ្ជីស្នាក់នៅ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំ របស់មេគ្រួសារ ឬអ្នកតំណាង ដោយមានភ្ជាប់ជាមួយនូវឯកសារដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចុះបញ្ជីស្នាក់នៅ។ ដោយមន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចម្លងទិន្នន័យចូលក្នុងបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅឱ្យបានត្រឹមត្រូវ តាមខ្លឹមសារ នៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរអក្សរកាត់ ឬប្រើប្រាស់សញ្ញាអ្វីឡើយ ទន្ទឹមនឹងនោះមេគ្រួសារត្រូវ ផ្តិតមេដៃលើបញ្ជីស្នាក់នៅ។


ឯកឧត្តមបណ្ឌិតបន្ថែមថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មានភារកិច្ចចុះហត្ថលេខា និងបោះត្រាលើបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ដើម្បីសម្គាល់លើសៀវភៅស្នាក់នៅ ដែលមានកំណត់ចំនួន៥ខ្ទង់ (ចាប់ពីលេខ០០ ០០១ទៅ) រួចផ្តល់ជូនប្រជាជន ដោយការផ្តល់សៀវភៅស្នាក់នៅជូនប្រជាជនត្រូវធ្វើឱ្យបានឆាប់បំផុត ដោយមិនឱ្យលើសរយៈពេល១០ (ដប់ថ្ងៃ)ឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ។


ចំពោះឯកសារភ្ជាប់សម្រាប់ចុះបញ្ជីផ្តល់សៀវភៅស្នាក់នៅ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា មេគ្រួសារ ឬអ្នកតំណាងត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅស្នាក់នៅ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារណាមួយមានដូចជា សម្រាប់ពលរដ្ឋខ្មែរត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីអ្នកទើប រៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់ អាពាហ៍ពិពាហ៍)។


ចំណែកជនបរទេសអន្តោប្រវេសន្តដែលស្នាក់នៅស្របច្បាប់ ដែលមានប្រកាសទទួលស្គាល់របស់ក្រសួងមហាផ្ទៃ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (មានសុពលភាព) ហើយនឹងជនបរទេសដែលចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ សមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាង ពីមេគ្រួសារ ឬសាក្សី។ ប៉ុន្តែសម្រាប់អ្នកជួលលំនៅឋានដែលពុំទាន់បានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍នៅតាមលំនៅឋានណាមួយ ត្រូវមាន ឯកសារបន្ថែម ដូចជាកិច្ចសន្យាជួលលំនៅឋាន និងលិខិតបញ្ជាក់ពីម្ចាស់លំនៅឋានឱ្យប្រើប្រាស់ អាសយដ្ឋាន ដែលមានការបញ្ជាក់ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់។


ឯកឧត្តមបណ្ឌិត បានរំលេចនូវចំណុចសំខាន់ ដែលមហាជនតែងតែចង់ដឹងពីសេវា នៃការចុះបញ្ជីសៀវភៅស្នាក់នៅ ដោយយោងតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រ.ក របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺការចុះបញ្ជីសៀវភៅស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ មិនអស់ប្រាក់នោះទេ។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យមន្រ្តីខិតខំផ្ដល់សេវានេះឱ្យបានល្អ ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របតាមទស្សនដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕


ប្រភព៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior