

ខេត្តស្ទឹងត្រែង៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការនៃរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពជុំវិញខេត្ត និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ។
ជាមួយកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារសំរាប់ ឆមាសខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្រ្តថវិកា២០២៧ដល់២០២៩ និងគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តលើការងារបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្រ្តីប្រចាំខែឧសភា ឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត។
ថ្លែងក្នុងមតិអង្គប្រជុំ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងដឹកនាំ ឱ្យទទួលបាននូវការអភិវឌ្ឍយ៉ាងលេចធ្លោ គួរឱ្យកត់សម្គាល់។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា សមិទ្ធផលវិជ្ជមាន និងការរីកចម្រើនឥតឈប់ឈររបស់ខេត្តស្ទឹងត្រែងនាពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយ ក្នុងការបម្រើសេវាសាធារណៈ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
មិនត្រឹមតែប៉ុណ្ណោះ អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីរួមគ្នាពិភាក្សា រកឫសគល់នៃបញ្ហា និងស្វែងរកនូវដំណោះស្រាយប្រកបដោយភាពវៃឆ្លាត យុទ្ធសាស្ត្រ និងទន់ភ្លន់ ក្នុងគោលបំណងកែលម្អ បង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅធានាឱ្យបាននូវការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង










