

ប៉ៃលិន៖ នៅថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់។
ក្នុងឱកាសនោះដែរ លោកស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងខែកក្កដាកន្លងមកនេះ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានដកស្រង់បទពិសោធន៍ពីការអនុវត្តការងារជាក់ស្តែង និងបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៤ចំណុច សម្រាប់អនុវត្តបន្ត ពង្រឹងវិន័យ និងផ្ទៃក្នុង៖ បន្តពង្រឹងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវភាពស្មោះត្រង់ ក្រមសីលធម៌ និងប្រសិទ្ធភាពការងារ ពង្រឹងការងារនគរបាលសហគមន៍ ដូចជាការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងបង្កើនការអប់រំណែនាំអំពីការគោរពច្បាប់ និងការរួមចំណែករក្សាសន្តិសុខសង្គម និងបន្តចុះផ្សព្វផ្សាយ និងអប់រំណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានបង្កើនការត្រួតពិនិត្យ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសក្មេងទំនើង និងអំពើចោរកម្មគ្រប់រូបភាព ដើម្បីការពារទ្រព្យសម្បត្តិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គ្រប់គ្រងជនបរទេស និងទប់ស្កាត់បទល្មើសអនឡាញ (Cyber Crime/Scam) ពង្រឹងការគ្រប់គ្រង ការចេញ-ចូល និងការស្នាក់នៅរបស់ជនបរទេសឱ្យបានម៉ត់ចត់ និងបង្កើនការស្រាវជ្រាវ ទប់ស្កាត់រាល់សកម្មភាពដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam)៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន









