logo
Header Logo
News Detail
thumbnail
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ព្រមព្រៀងជាផ្លូវការ សហការរួមគ្នាពង្រឹងអនុវត្តច្បាប់ ទប់ស្កាត់បារីក្លែងក្លាយ និងខុសច្បាប់ ដើម្បីប្រយោជន៍ស្មើភាពរបស់អ្នកវិនិយោគ និងចំណូលសេដ្ឋកិច្ចជាតិ
361
06-Feb-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នារវាង គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងសមាគមឧស្សហកម្មថ្នាំជក់កម្ពុជា (ATIC) បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងលោក Miguel Barros Figueira ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នៅសាល «ខេត្តបាត់ដំបង» នាទីស្ដីការក្រសួងមហផ្ទៃ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. លោកឧត្ដមសេនីយ៍ លោក លោកស្រី ជាថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ជាមួយសមាជិកសមាគមឧស្សហកម្មថ្នាំជក់កម្ពុជា ទាំងជាតិនិងអន្តរជាតិជាច្រើនរូប។


លោក Miguel Barros Figueira បានមានប្រសាសន៍ថា ពិធីនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នារបស់សមាគម និង គ.ប.ផ.ក. ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងផលិតផលថ្នាំជក់ក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារអ្នកប្រើប្រាស់ ការពារអាជីវកម្មស្របច្បាប់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ សុវត្ថិភាពសាធារណៈ និងភាពសុចរិតផ្នែកសេដ្ឋកិច្ច។


ឯកឧត្តម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា និងបានបញ្ជាក់ពីគោលបំណងនៃអនុស្សារណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាង គ.ប.ផ.ក. និងសមាគមឧស្សហកម្មថ្នាំជក់កម្ពុជា (ATIC) គាំទ្រគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយដល់សាធារណជន អំពីផលប៉ះពាល់នៃការជួញដូរផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ព្រមទាំងចូលរួមសហការផ្លាស់ប្តូរព័ត៌មានអំពីមុខសញ្ញា ប្រភព ទីតាំងរោងចក្រ និងខ្សែសង្វាក់ផលិតកម្ម និងកន្លែងចែកចាយ សំដៅចូលរួមចំណែកដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបការធ្វើអាជីវកម្មផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពសាធារណៈ កាត់បន្ថយអត្រាអ្នកប្រើប្រាស់បារី លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងការប្រមូលពន្ធ ព្រមទាំងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដ៏ស្មោះត្រង់ និងស្មើភាពគ្នា។


ឯកឧត្តម ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍បន្តថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងទៅលើ ការការពារសុខភាពសាធារណៈ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីផលិតផលក្លែងក្លាយ-ខុសច្បាប់នានា រាប់ទាំងចំណីអាហារ និងបន្លែត្រីសាច់ជាដើម ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាបង្ការ ទប់ស្កាត់ និងចាត់វិធានការណ៍នានា ស្របតាមច្បាប់ដែលមានជាធរមាន ជាមួយយន្តការមួយចំនួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឆ្លើយតបនឹងការណែនាំដ៏ខ្ពង់ខ្ពស់នេះ គ.ប.ផ.ក. ដែលមានឯកឧត្ដមផ្ទាល់ជាប្រធាន ជានិច្ចកាលបានទទួលការណែនាំ និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងលើការងារទាំងនេះឱ្យបានខ្លាំងក្លាបំផុត។

ជាងនេះទៅទៀត កាលពីពេលថ្មីៗកន្លងមកនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ត្រីមាសទី៤ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ និងបង្ក្រាបការគេចពន្ធគ្រប់ប្រភេទ ក្នុងនោះមានបារីក្លែងក្លាយ និងខុសច្បាប់ផងដែរ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior