ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អភិបាលខេត្តស្ទឹងត្រែង បានទទួលជំនួបពិភាក្សាការងារជាមួយគណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ - ឡាវ-កម្ពុជា ស្តីពីវឌ្ឍនភាពការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា បានវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់ គណៈកម្មការចម្រុះកិច្ចការព្រំដែន នៃភាគីទាំងសងខាង គឺបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នា ចំពោះប្រជាជនទាំង២ ។
បេសកកម្មនេះ គឺជាបេសកកម្មសន្តិភាព ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលយើងចង់កសាងសន្តិភាពសំរាប់ជាតិទាំងសងខាង គឺឱកាសឱ្យប្រជាជនរស់នៅសុខដុមរមនា។ នៅពេលយើងបានតម្កល់ផលប្រយោជន៍ជាតិ ដែលបានកសាងប្រវត្តិសាស្រ្តថ្មីៗ ដែលថ្នាក់ដឹកនាំទាំងសងខាងបានយោគយល់គ្នា ចេះស្រឡាញ់គ្នា ក្នុងឋានៈជាប្រទេសជាប់របងតែមួយ ហើយជាប្រទេសដែលឋិតក្នុងតំបន់ដែលបានជួបគ្នាក្នុងវេទិកាតំបន់ និងវេទិកាអន្តរជាតិ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានថ្លែងបន្តថា៖ ការគាំទ្រ រវាងកម្ពុជា ឡាវ តែងតែទន្ទឹមគ្នា ហើយដើរស្របគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជន ។ តាមរយៈអនុស្សាវរីយ៍ និងមនោសញ្ចេតនានៃថ្នាក់ដឹកនាំទាំង២ប្រទេស គឺជាជំនួយស្មារតីសំរាប់កិច្ចពិភាក្សា របស់គណៈកម្មការចម្រុះនៃប្រទេសទាំង២ ហើយយើងនិងទទួលបានលទ្ធផលល្អ ជាពិសេសគឺបានកសាងនូវភាពរឹងមាំ ដែលប្រទេសទាំង២មានបង្គោលព្រំដែនដ៏ជាក់លាក់ ដោយមិនអាចឱ្យប្រទេសណាមួយវាយតំលៃអំពីការដឹកនាំរបស់ប្រទេសទាំង២ឡើយ។
ការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ - ឡាវ-កម្ពុជា គឺជាការខិតខំបំពេញនាំមកនូវបុព្វហេតុជាតិ ភាពរឹងមាំសំរាប់ព្រំដែនមានការបែងចែកយ៉ាងជាក់លាក់ ហើយរួមគ្នា ដើម្បីនាំមកនូវសន្តិភាពជូនប្រជាជនយើងទាំងអស់គ្នា៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង