

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹក ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ លោក លោកស្រីតំណាង ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន នឹងយុវនីតិសម្បទា ក្រសួងបរិស្ថាន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រី តំណាងអភិបាលរង និងអង្គភាពក្រោមចំណុះខេត្ត តាមប្រព័ន្ធ Zoom ផងដែរ ។
ក្នុងពិធីនេះដែរ លោកជំទាវ រដ្ឋលេខាធិការ បានសម្តែងការគួរសមដោយសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ពីគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តបញ្ជាបយេនឌ័រ ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០នេះឡើងព្រមទាំងមានកិត្តិយសដែលបាន ចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នាឱកាសនេះ។ លោកជំទាវ បានលើកឡើងថាក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមវាយតម្លៃខ្ពស់ និង សូមកោតសរសើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់នេះឡើង។ សិក្ខាសាលាពិគ្រោះយោបល់នេះ គឺមានសំខាន់បំផុតសម្រាប់លោក លោកស្រី ដែលជាតំណាង ក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោម ជាតិ និងដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធក្នុងការពិនិត្យ និងផ្តល់ធាតុចូល លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ បញ្ជាបយេនឌ័រឆ្នាំ២០២៦-២០៣០ ។
លោកជំទាវ រដ្ឋលេខាធិការ បានបន្តថាសិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពីក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិបណ្តាអគ្គនាយកដ្ឋានចំណុះនឹងអ្នកពាក់ព័ន្ធ សម្រាប់ធ្វើការកែសម្រួលនិងរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជាបយេនឌ័រឆ្នាំ២០២៦-២០៣០ របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានគតិយុត្តរឹងមាំ ស្របតាមចក្ខុវិស័យនឹងបេសកកម្មរបស់ក្រសួងព្រមទាំងគោលការណ៏លិខិតបទដ្ឋានជាតិ និងអន្តរជាតិ ស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។
ក្នុងនោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានលើកឡើងទៀតថាការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជាបយេនឌ័រ ដំណាក់កាលទី៣នេះ នឹងរំលេចឡើងអំពីវឌ្ឍនភាពការងារបញ្ជ្រាបយេនឌ័រ បញ្ហាប្រឈមតម្រូវការ សកម្មភាពអាទិភាព របស់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួម អនុវត្តការសម្របសម្រួលកិច្ចសហការប្រកបដោយបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេសពង្រឹងការយកចិត្តទុកដាក់ដល់ការរួមចំណែករបស់ស្ត្រីក្នុងវិស័យសាធារណៈនយោបាយ និង ភាពជាអ្នកដឹកនាំ ក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម នឹងអភិបាលកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលលាភយេនឌ័រ ឆ្លើយតបទៅនឹងតម្រូវការចំរុះរបស់បុរសស្ត្រី ជនមានពិការភាព ជនជាតិដើម្បីភាគតិច និងក្រុមជនងាយរងគ្រោះដ៏ទៃទៀត ប្រកបដោយតម្លាភាព សមភាព សមធម៌ និងបរិយាបន្ន រួមទាំងពង្រឹងភាពជាដៃគូរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបន្ថយគម្លាតយេនឌ័រ ។ លើសពីនេះដើម្បីឱ្យក្រុមការងារអាចប្រមូលធាតុចូលបានគ្រប់ជ្រុងជ្រោយសម្រាប់ពិនិត្យ នឹងកែសម្រួលចុងក្រោយនៃសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបសមភាពយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០នេះ និងអាចយកទៅ អនុវត្តប្រកបដោយប្រសិទ្ធភាព ។ លោកជំទាវ រដ្ឋលេខាធិការ ស្នើឱ្យអង្គសិក្ខាសាលាទាំងមូលជួយពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ ដោយផ្តោតជា សំខាន់លើយុទ្ធសាស្ត្រទាំង០៤ សកម្មភាព អាទិភាពតាមយុទ្ធសាស្ត្រនីមួយៗ និង សកម្មភាពលម្អិតនៃសកម្មភាពអាទិភាពនីមួយៗ ។
ជាថ្មីម្តងទៀត លោកជំទាវ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និង លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកក្នុងរៀបចំឱ្យមានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ និង សិក្ខាសាលាពិគ្រោះយោបល់នេះឡើង។ លោកជំទាវ រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថាតាមរយៈសិក្ខាសាលាពីគ្រោះយោបល់នេះក្រុមការងារនឹងមានលទ្ធភាព ក្នុងការរៀបចំបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបសមភាពយេនឌ័រ ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០នេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃពិនិត្យ និងអនុម័ត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









