logo
Header Logo
News Detail
thumbnail
ឯកឧត្ដម​ ឃួង ស្រេង៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង
362
20-Mar-2026
National news
Link

ភ្នំពេញ៖​ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។

  នេះជាការលើកឡើងរបស់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីការដកស្រង់បទពិសោធន៌និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

 ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នេះតែម្តង ដើម្បីបន្តអនុវត្តការងារនេះបានជោគជ័យ ធានាថា គ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។

   ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ,គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ,កងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះ រហូតឈានទៅទទួលបានជោគជ័យនាពេលកន្លងមកនេះ។ ភាពជោគជ័យរបស់យើងក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដោយពួកគាត់បានផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេអាចបន្តលួចលាក់ ជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់ ដែលទាមទាឱ្យយើងបន្តខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្ថែមទៀត។

   ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញបានបន្តទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ ហើយបើតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា។ សម្ដេចធិបតីក៏បាន លេីកឡេីង ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំខ្មែរនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។

   ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់បន្តអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ និងត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានដូចភ្លៀងរលឹម។ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវចុះស្រាវជ្រាវ នៅទីតាំងអគារខ្ពស់ៗ ជាមួយនិងការត្រួតពិនិត្យទីតាំងសប្បាយភាពនានានិងក្លឹបកំសាន្តដែលមានការសង្ស័យ។

  ឯកឧត្ដមអភិបាលបញ្ជាក់ទៀតថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior