logo
Header Logo
News Detail
thumbnail
តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?
2K
19-Nov-2024
National news
Link

ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើយោងតាមប្រការ១ នៃប្រកាសស្តីពី តួនាទីនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រួមមាន៖

១.ចាត់វិធានការដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋាន

២.ចាត់វិធានការ ការពារកន្លែងកើតហេតុ ប្រមូល ថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់

៣.គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារ ចំនួនមនុស្សស្នាក់នៅបណ្តោះអាសន្ន ស្នាក់នៅអចិន្ត្រៃយ៍ និងវត្តមានជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ

៤.ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ

៥.គ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម និងយានជំនិះគ្រប់ប្រភេទតាមការកំណត់

៦.គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍: ទីតាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីដ្ឋាន ក្លឹបកំសាន្ត អង្គការជាតិ អន្តរជាតិ លំនៅឋានជនបរទេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសហគមន៍

៧.ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅកៀរគរការចូលរួមការពារសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ

៨.ធ្វើជាជំនួយការជូនក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការកសាងដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន

៩.យាមល្បាតប្រចាំការដើម្បីបានទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ

១០.ប្រតិបត្តិម៉ឺងមាត់ និងខ្ជាប់ខ្ជួននូវបទពិន័យរបស់នគរបាល

១១. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌតាមការកំណត់

១២.បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឱ្យ


សូមបញ្ជាក់ថា នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅ​មូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹងបណ្ដុំសសរគ្រឹះដែលធានាឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពកក់ក្ដៅ ជាពិសេសធានា​ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់​​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior