logo
Header Logo
News Detail
thumbnail
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ បញ្ជូនទៅពន្ធនាគារ ដែលបានបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញរបស់ក្រសួងមហាផ្ទៃ
873
02-Jan-2025
National news
Link

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បាន បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។


ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ 


ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដីគេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សម្រាប់អ្នកបំពាន៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់។លោកបន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។


គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹងចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្លាំងមានសមត្ថកិច្ច។នេះបើតាមការវាយតម្លៃជារួមដោយឯកឧត្តមបណ្ឌិតនាំពាក្យរងក្រសួងមហាផ្ទៃ៕


ប្រភព៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior