

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសម្រាប់រៀបចំកែលម្អបន្ថែម និងពិនិត្យសណ្តាប់ធ្នាប់ការលក់ដូរនៅបរិវេណជុំវិញស្ទឹងសង្កែ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំដំឡើងភ្លើងសូឡាសម្រាប់បំភ្លឺពេលយប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ជុំវិញតំបន់នេះឱ្យកាន់តែមានសោភ័ណភាព។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានពិនិត្យ លើគម្រោងកែលម្អតំបន់នេះឱ្យអភិវឌ្ឍទៅជាតំបន់ Pub Street នាពេលអនាគត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តនាពេលរាត្រី។ គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សោភណភាពទីក្រុង បង្កើតការងារ ជំរុញសកម្មភាពអាជីវកម្ម និងសេវាកម្មនានាព្រមទាំងជួយលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅជុំវិញតំបន់នេះឱ្យកាន់តែរីកចម្រើន។ តំបន់នេះនឹងក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់មួយរបស់ខេត្តបាត់ដំបង ដែលអាចក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់នាពេលខាងមុខ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង









