logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជាមួយកូនក្មួយសិស្សានុសិស្ស មកពីវិទ្យាល័យនានា ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង
45
26-Mar-2022
Sub-nation news
Link

(ពោធិ៍សាត់)៖ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា រួមដំណើរជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាច្រើន ជាមួយសិស្សានុសិស្ស មកពីវិទ្យាល័យនានា ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ប្រមាណ១,០២២នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ឈើតុំ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អាជ្ញាធរស្រុក ក្រុមការងារចុះតាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានជម្រាបជូនពីលក្ខណៈភូមិសាស្ត្រ និងរបាយការណ៍ជុំវិញការលទ្ធផលនៃការសិក្សាឆ្នាំ២០២១-២០២២នោះរួចមក, ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទំនាក់ទំនងការទូតអូស្ត្រាលី និងកម្ពុជា បានចាប់ផ្ដើមតាមរយៈការរួមចំណែក ក្នុងការងើបឡើងពីសម័យវិនាសកម្ម និងការពង្រឹងឡើងវិញនូវសេដ្ឋកិច្ចខ្មែរ ដោយអូស្ត្រាលីបានផ្ដល់ការគាំទ្រជាខ្លាំង នូវដំណើរឆ្ពោះទៅរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ រហូតឈានដល់ការបោះឆ្នោតនាឆ្នាំ១៩៩៣។ វិស័យសុខាភិបាលអូស្ត្រាលី បានសម្រួលដល់ប្រទេសកម្ពុជាជាងមួយលាននាក់ ក្នុងការតភ្ជាប់ និងប្រើប្រាស់ទឹកស្អាត ការផ្ដល់ចំណេះដឹងផ្នែកអនាម័យសម្រាប់ស្ត្រី កុមារ និងជនងាយរងគ្រោះ តាមរយៈកម្មវិធីរាជរដ្ឋាភិបាល រួមជាមួយការពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់កម្ពុជា ពិសេសការផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាង២,៣៥លានដូស និងទូបង្កកវ៉ាក់សាំង ដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានបន្តថា ពលរដ្ឋខ្មែរជាង៦ម៉ឺននាក់ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី រីឯជនជាតិអូស្ត្រាលីប្រមាណ៦ទៅ៧ពាន់នាក់ ក៏កំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ។ អូស្ត្រាលីបានផ្ដោតការយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើមុខវិជ្ជាវិទ្យាសាស្ត្រពិត ដូចជាគណិតវិទ្យា និងរូបវិទ្យា ដែលបានធ្វើឱ្យប្រទេសអូស្ត្រាលី ក្លាយទៅជាប្រទេសឈានមុខមួយ ក្នុងការស្រាវជ្រាវលើវិស័យអវកាស វិស័យវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស័យវិស្វកម្ម និងជាប្រទេសអភិវឌ្ឍន៍(G7) ជាប់ចំណាត់ថ្នាក់លេខ១២ ដែលមានសេដ្ឋកិច្ចជឿនលឿន ក្នុងពិភពលោក។ សម្រាប់ប្រព័ន្ធអប់រំអូស្ត្រាលី មានបួនដំណាក់កាលធំៗគឺ ថ្នាក់បឋម អនុវិទ្យល័យ វិទ្យល័យ និងឧត្តមសិក្សា ដោយប្រើប្រាស់ភាសាអង់គ្លេស ជាភាសាចម្បង នៃការណែនាំនៅក្នុងប្រព័ន្ធអប់រំ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ពិតណាស់ធនធានមនុស្ស គឺជាកត្តាសំខាន់ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពគន្លឹះមួយ ក្រោមពាក្យស្លោក «អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។ ជាក់ស្តែងដូចជាថ្ងៃនេះ ឯកឧត្តមក៏ដូចជាក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែក បានរៀបចំអញ្ជើញឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ជាច្រើន ក្នុងនាមជាមន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចទី១២ ធំជាងគេលើពិភពលោក។

ជាមួយគ្នានោះអូស្ត្រាលី ក៏ជាប្រទេសដែលនៅជិតខាងអាស៊ីយើង ដែលមានកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ភាពជាដៃគូលក្ខណៈជាយុទ្ធសាស្ត្រជាមួយអាស៊ាន។ យើងអាចមើលពីគម្រូប្រទេសរបស់គេ ដែលមានការរីកចម្រើន គឺដោយសារតែធនធានមនុស្សរបស់គេពូកែ និងមានចំណេះវិជ្ជាជាក់លាក់។

ដូច្នេះហើយ ដូចដែរឯកឧត្តមអគ្គរាជទូតបានលើកឡើងថា សកលវិទ្យាល័យ មហាវិទ្យាល័យរបស់គេ ដែលមានគុណភាពខ្ពស់ គឺស្ថិតក្នុងចំណោមសកលវិទ្យាល័យ ឬមហាវិទ្យាល័យដែលល្បីៗទូទាំងសកលលោក ហើយក្នុងនាមឯកឧត្តមផ្ទាល់ ក៏ធ្លាប់បានទៅបន្តការសិក្សាវគ្គខ្លី និងបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសនេះផងដែរ។

ឯកឧត្តមសូមឱ្យប្អូនៗក្មួយៗថ្នាក់ទី១២ ដែលជិតឈានចេញពីភូមិឋាន ទៅបន្តការសិក្សារៀនសូត្រ សម្រាប់ថ្នាក់ឧត្តម ឬឈានទៅចាប់មុខជំនាញផ្សេងៗទៀត សូមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីសម្រេចការប្រឡងសញ្ញាបត្រទុតិយភូមិ ជំហ៊ានទី១ នាឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលផ្លែផ្កា និងនិទ្ទេសល្អ សម្រាប់ជាប្រទីបបំភ្លឺផ្លូវទៅថ្ងៃអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior