logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន ទទួលជួបពិភាក្សាការងារ ឯកឧត្តម សុខ ឥសាន ដើម្បីឈ្វេងយល់អំ​ពីប្រ​សិទ្ធ​ភាព​ក្នុ​ង​កា​រអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត
33
14-Feb-2023
Sub-nation news
Link

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់​ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំ​ដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធ​រខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់​អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែល ពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានាក្នុងខេត្ត។

  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្ត មាន ២ក្រុង ៣ស្រុក ស្មើ ២៣ឃុំ  ៦សង្កាត់ និង ១១១ភូមិ ខេត្តមានចំណូលជាមធ្យមសម្រាប់​មនុស្សម្នាក់ (GDP) ឆ្នាំ២០២១ មានចំនួន៤.១៨០ដុល្លារអាមេរិក កាត់បន្ថយអត្រាភាពក្រីក្រ​ធ្លាក់មកនៅត្រឹម ១,៨% ឆ្នាំ២០២២។ រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សារៀបចំផែនការ​មេអភិវឌ្ឍ​ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រេចបានឋានៈ​ជាប្រទេស​មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សមិទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ក្រុងចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទ​ទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ ក្រៅពីសមិទ្ធផលខាង លើយើង​មានកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននាំភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករនៅចុងសប្តាហ៍ និងពីធីបុណ្យជាតិ អន្តរ​ជាតិ ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានកងកម្លាំងប្រដាប់អាវុធជាសេនាធិការ និងអាជ្ញាធរដែនដី បានពុះពារបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ ដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត។

ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានថ្លែងអំណរគុណ​គណៈបញ្ជាការ​ឯកភាពខេត្ត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ​របស់ខ្លួនប្រកប​ដោយ​ប្រសិទ្ធិភាពខ្ពស់។ ដំណើរបំពេញការងាររបស់គណៈកម្មការទី៤ នៃព្រឹទ្ធសភានាពេលនេះ ដើម្បីឈ្វេង​យល់អំពីប្រសិទ្ធភាពការងារ នៃអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើ​កិច្ច​សហប្រតិ​បត្តិការរបស់អភិបាល នៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរមុខងារសាធារណៈ ព្រមទាំងបានពាំនាំបញ្ហាប្រឈម​នានា​ដែលគណៈបញ្ជាការឯកភាពខេត្ត យកទៅជំរាបជូនសម្តេចប្រធានព្រឹទ្ធសភា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior