ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ ស្ពានបត្តាជី ប្រវែង ៥៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួនប្រមាណ ៥០០នាក់ទៀត។
លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ពានបេតុងអាមេប្រវែង ៥៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជូនប្រជាពលរដ្ឋ ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ គឺជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានបេតុងអាមេនេះ នឹងជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ចំនួន ៣៨១គ្រួសារ ស្មើនឹង ១៦៨៥នាក់ ដែលរស់នៅក្នុងភូមិបត្តាជី ក៏ដូចភូមិព្រែកឡុង និងភូមិព្រែកកាត់ សង្កាត់តាក្តុល និងប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនប្រចាំថ្ងៃ។
នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ស្ពានបេតុងអាមេនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតសម្រាប់ខេត្តកណ្តាល ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀត របស់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល