logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបងប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែល​បានកែ សម្រួលព្រំប្រទល់រវាងខេត្តទាំង២
411
29-Mar-2023
Sub-nation news
Link

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំ​​គណៈ​ប្រតិភូខេត្តប៉ៃលិន ចូលរួមពិធីផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែល​បានកែសម្រួល​ព្រំប្រ​ទល់​រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តប៉ៃលិន ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបា​ល​រវាង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម៖*កែសម្រួលព្រំប្រទ​ល់រដ្ឋបាល​រវាង​​ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមកា​រ​គ្រ​ប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែ​ជាខ្សែព្រំ​ប្រ​ទល់រដ្ឋបាល។

​កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយ​កា​ត់​យ​កភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃ​ដី​សរុបចំនួន ១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោមនៃឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃ​ដី​សរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល។

សូមរំលឹកថា៖ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិ​ធី​ប្រគ​ល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ថា៖ បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញា​ធ​រខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅ​ហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ ដូច្នេះសម្តេចបានទុកពេលចំនួន ២សប្ដា​ហ៍ឱ្យ​​អភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយឱ្យបានរួចរាល់នូវប​ញ្ហាព្រំប្រទល់រដ្ឋបាល​​រវា​ង​ខេត្តទាំង ២ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះ​ឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior