logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
526
07-Mar-2024
Sub-nation news
Link

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ស្ត្រីជាកម្លាំងចលករក្នុងការចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិ ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើងក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។

ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ការរស់នៅតាមគន្លងប្រករតីភាពថ្មី គឺជាតឹកតាង នៃការឈានដល់យុគសម័យឌីជីថល កម្ពុជាត្រូវចាប់យកឱ្យខានតែបាន។ ម្យ៉ាងវិញទៀតការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ត្រូវសម្របតាមបរិវត្តកម្មឌីជីថល កំណត់ដោយការធ្វើបដិវត្តកម្មឧស្សាហកម្មទី៤ ដែលចែងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។

ឯកឧត្តម មានប្រសាសន៍បន្តថា  រាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ឆ្លើយតបនឹងប្រធានបទឆ្នាំនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ការងារបញ្ជ្រាបយេនឌ័រជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីវរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានបន្តថា ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រនៅតែជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបានសមត្ថភាពនៅគ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាពជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរប្រកបដោយសុខុមាលភាព។

ទោះបីជាយើងសម្រេចបានលទ្ធផលយ៉ាងច្រើនសន្លឹកសន្ធាប់កន្លងមក ហើយក៏នៅមានសេសសល់នូវបញ្ហាមួយចំនួន ដែលតម្រូវឱ្យយើងទាំងអស់គ្នារួមគ្នាគិត រួមគ្នាដោះស្រាយបន្តរួមមាន៖ការហូរចូលនូវវប្បធម៌បរទេសធ្វើឱ្យប៉ះពាល់លើសីលធម៌សង្គម ពោលគឺភាពថ្លៃថ្នូររបស់មនុស្ស បណ្តាលមកពីសកលភាវូនីយកម្ម នៃបច្ចេកវិទ្យាព័ត៌មានមានភាពជឿនលឿន ឧក្រិដ្ឋកម្មឆ្លងដែននាំមកនូវរូបភាពផ្សេងៗនូវអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ ជនរងគ្រោះភាគច្រើនជាស្រ្តី និងកុមារ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការផ្សព្វផ្សាយពាណិជ្ជកម្មពុំបានគិតគូរផលប៉ះពាល់ដល់សុខភាព និងសីលធម៌នាំឱ្យមានអំពើហិង្សា ក្រៅពីនេះនៅមានបញ្ហាប្រឈមដោយសារសមត្ថភាពស្ត្រីខ្លួនឯងនៅមានកំរិត។

កត្តានេះហើយដែលស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាព និងបង្កើនភាពអង់អាចទទួលជោគជ័យឆ្ពោះទៅការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចរបស់ស្ត្រី និងជំរុញការអភិវឌ្ឍជាសកលប្រកបដោយសមធម៌ បរិយាប័ន្ន និងចីវរភាពទៅអនាគត រួមចំណែកធ្វើឱ្យសង្គមគ្រួសារ និងសង្គមជាតិប្រកបដោយសីលធម៌ថ្លៃថ្នូរ សុភមង្គល និងសុខដុមរមនា បញ្ហាទាំងនេះយើងត្រូវរួមគ្នាដោះស្រាយដោយធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាអវិជ្ជមាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលត្រូវយកចិត្តទុកដាក់ការងារបញ្ជ្រាបយេនឌ័រដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗមាន៖

១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី

២-ការលើកកម្ពស់ការអប់រំរបស់ស្ត្រី និងក្មេងស្រី

៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រី និងក្មេងស្រី

៤-កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី

៥-ការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច

៦-ការបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីប្រែប្រួសអាកាសធាតុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior