ថ្ងៃអង្គារ ១៥ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អភិបាលខេត្តស្តីទី អភិបាលរងខេត្តកោះកុង បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបុណ្យមាឃបូជា នៅសាលមហោស្រពខេត្តកោះកុង និងពិធីរាប់បាត្រព្រះសង្ឃ ចំនួន ៨០ អង្គ នៅបរិវេណសួនច្បារមុខសាលាខេត្តកោះកុង។
ការប្រារព្ធពិធីបុណ្យមាឃជា គឺជាការរំលឹកដល់សាវ័កសន្និបាតនៃព្រះសក្យមុនី សម្មាសម្ពុទ្ធដ៏អស្ចារ្យដែលកម្រនឹងកើតមាន ហើយត្រូវបានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រនៅក្នុងសាសនាព្រះពុទ្ធ។
ភាពអស្ចារ្យទី១ គឺការប្រជុំសាវ័កប្រកបដោយអង្គ៤ ឬហៅថា ចតុរង្គសន្និបាត ដែលមានតែម្តងគត់នៅក្នុងព្រះពុទ្ធសាសនា ហើយការជួបជុំប្រកបដោយអង្គ៤ នោះមានដូចជា ៖
-អង្គទី១ ជាថ្ងៃពេញបូរមីទី១៥ កើត ខែមាឃ
-អង្គទី២ ការជួបជុំនោះមានភិក្ខុចំនួន១.២៥០រូប
-អង្គទី៣ ការជួបប្រជុំភិក្ខុទាំង១.២៥០រូប គឺជាការជួបដោយឯកឯង មិនមានការណាត់ទុក
-អង្គទី៤ អង្គប្រជុំសាវ័កសុទ្ធតែជាព្រះអរហន្ត ដែលបានសម្រេចនូវអភិញ្ញាណ៦ មានន័យថា អង្គសាវ័កសុទ្ធតែជាអ្នកចេះហោះហើរទាំងអស់ ។ នៅក្នុងការប្រជុំនោះមានចំណុចសំខាន់មួយដែលគួរកត់សម្គាល់ ព្រះអង្គ បានប្រកាសនូវឱវាទបាតិមោក្ខ ដែលព្រះអង្គបានសម្តែងនូវពាក្យទូន្មានខ្លីៗ ប៉ុន្តែមានន័យខ្លឹមសារហៅថា បេះដូងនៃសាសនា បេះដូងនៃព្រះធម៌ ។
ភាពអស្ចារ្យទី២ និយាយពីការដាក់ព្រះជន្មាយុសង្ខារ នៅថ្ងៃអាទិត្យទី១៥ កើតខែមេឃ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយអំណឹះពីថ្ងៃនេះទៅ៣ខែខាងមុខ តថាគតនឹងចូលបរិនិព្វាន ។ ការដាក់ជន្មាយុសង្ខារនេះ គឺជាការបង្ហាញនូវសភាពមិនទៀងនៃសង្ខារដែលកើតមកហើយ រមែងរលត់ទៅវិញជាធម្មតា ដើម្បីឱ្យយើងទាំងអស់គ្នាបានពិចារណាថា សត្វលោកទាំងអស់ គឺស្ថិតក្នុងភាពមិនទៀងទាត់ គ្មាននរណាម្នាក់អមតៈឡើយ សូម្បីតែព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ហើយក៏គង់នឹងចូលបរិនិព្វានដែរ ។ នេះជាចំណុចសំខាន់ដែលព្រះអង្គបានផ្តល់ការគិតមួយដ៏ធំដល់សត្វលោក គឺថាមុនពេលដែលយើងស្លាប់ តើយើងត្រូវធ្វើអ្វីខ្លះ យើងបានកសាងស្នាដៃអ្វីខ្លះ កសាងសេចក្តីល្អអ្វីខ្លះ បានដុសខាត់សំអាតចិត្តប្រព្រឹត្តខ្លួនឱ្យមាំមួនអ្វីខ្លះ បានផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯង និងអ្នកដទៃ ហើយនេះក៏ជាការពញ្ញាក់ស្មារតី ដើម្បីឱ្យជនទាំងឡាយយកដំណើរនេះមកគិតពិចារណា៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង