logo
Header Logo
News Detail
thumbnail
ម៉ាឡេសុី ចាប់អារម្មណ៍វិនិយោគលើការដាំដុះកសិកម្ម ការនាំចេញអង្ករ និងសាងសង់ផ្ទះស្នាក់នៅមានតម្លៃសមរម្យ លើទឹកដីខេត្តត្បូងឃ្មុំ
183
18-Jun-2019
Sub-nation news
Link

      នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល ពិភាក្សាការងារជាមួយ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ។

     នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Eldeen Husaini BIN MOHD HASHIM (អែលឌីន ហាស់សាយនី ប៊ីន មហា ស៊ីម) ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។

     នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការលើកបង្ហាញប្រាប់ពីស្ថានភាពភូមិសាស្ត្រដ៍ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច។ 

      ឯកឧត្តមបណ្ឌិត ថ្លែងប្រាប់បន្តថា ចំពោះកម្រិតGDPរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើនគួរអោយកត់សម្គាល់ បើប្រៀបធៀបជាមួយ GDPប្រជាពលរដ្ឋ ទូទាំងប្រទេស ពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ០៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រស័យ ។

     ថ្លែងលើកឡើងនាពេលនោះ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា  ពិសេសខេត្តត្បូងឃ្មុំ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជម្រុញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី ។ 

     លោក បន្តថា បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការវិនិយោគលើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជា គម្រោងកសាងផ្ទះស្នាក់នៅ ធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ ។

     ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ សូមស្វាគមន៍ចំពោះ ការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ក្នុងខេត្ត។ 

      ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានជំរុញអោយខាងម៉ាឡេស៊ី បង្កើនទំនាក់ទំនងផងដែរ ទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសខេត្តត្បូងឃ្មុំ ។

      ស្ថិតក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោកឯកអគ្គរាជទូត ក៏បានគោរពអញ្ជើញឯកឧត្តមបណ្ឌិតអភិបាលខេត្ត និង ក្រុមការងារ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី សិក្សា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ក្នុងគម្រោងការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុនម៉ាឡេស៊ី នៅខេត្តត្បូងឃ្មុំវិញផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior