

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណះអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវចេះតាមដាន ពីការប្រែប្រួលអាកាសធាតុឲ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈទប់ស្កាត់ នឹងបង្ការទុកជាមុន។
ឯកឧត្តម បានថ្លែងបែបនេះ ក្នុងពិធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តក់ចំនួន៦២គ្រួសារ ដែលមានទីលំនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា បញ្ហាគ្រោះធម្មជាតិនេះ យើងមើលមិនឃើញ និងមិនអាចដឹងជាមុនឡើយ មានតែបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ហើយត្រូវត្រៀមលក្ខណៈសម្បត្តិជានិច្ច ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាកើតមានឡើង។
ក្នុងឳកាសនោះ ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងមិនត្រូវដើរចេញពីផ្ទះនៅពេលដែលមានអាកាសធាតុក្តៅខ្លាំង ឬក៏មានភ្លៀង ខ្យល់ កន្រ្តក់នោះឡើយ ព្រោះវាអាចឲ្យបងប្អូនជួបនូវគ្រោះថ្នាក់ ឬអាចប៉ះពាល់ដល់អាយុជីវិតបាន។ ឯកឧត្តម បានបន្ថែមទៀតថា យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្មីៗនេះ បានប្រកាសថា នឹងមានបាតុភូមិធម្មជាតិភ្លៀង លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តក់ ដែលកើតមានឡើងនៅតាមបណ្តាលរាជធានី-ខេត្ត ស្ទើរទូទាំងប្រទេស៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តតាកែវ
