logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផុ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
232
26-Jan-2021
Sub-nation news
Link

នាព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផុ្សព្វផ្សាយសារាចរណែនាំលេខ០១៥ សហវ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្តមអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានរតនាគាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានគណនេយ្យមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុង-ស្រុក និងលោក លោកស្រី ស្មៀនឃុំ សង្កាត់ សរុបវត្តមានចូលរួមប្រមាណ ១០០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្ដម អស់លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ដែលសបញ្ជាក់ឱ្យឃើញពីការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិរបស់យើងឲ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តផែនការសកម្មភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវមានភាពម៉ត់ចត់ ក្នុងការចាត់ចែងចំណាយផ្សេងៗ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយសនិទានភាព។

ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងសហការី ដែលបានជួយសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយសាលាខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងការរៀបចំនូវកិច្ចប្រជុំ នេះឡើង ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ មន្ត្រីអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ក្នុងកិច្ចអនុវត្តគម្រោងសកម្មភាពចំណូលចំណាយថវិកាប្រចាំឆ្នាំរបស់ខ្លួន ប្រកបដោយបុរេសកម្ម និងដើម្បីសមិទ្ធកម្មការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ ត្រូវជំរុញអនុវត្តឲ្យបានជោគជ័យនូវបណ្តាផែនការសកម្មភាព និងវិធានការកែលម្អការគ្រប់គ្រងថវិកា និងបន្តដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗទៀត ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥។

លើសពីនេះ មន្ទីរជំនាញដែលមានបទពិសោធន៍ក្នុងការរៀបចំ ក៏ដូចជាក្នុងការអនុវត្តថវិកាកម្មវិធីរួចហើយ ត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថវិកា កែលម្អរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និងស៊ីសង្វាក់គ្នា ដើម្បីសម្រួលការអនុវត្តឲ្យកាន់តែរលូន ហើយឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ និងមានការទទួលខុសត្រូវកាន់តែច្បាស់លាស់៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior