នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុង-ស្រុកចំនួន០៥ ក្នុងខេត្តកំពង់ចាម និងអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក៏ដូចជាការសួរសុខទុក្ខ ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ«យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ផ្តើមចេញពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលខេត្តបានរៀបចំផែនការខេត្តសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា និងដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំ សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។
ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា បន្ទាប់ពីបងប្អូនទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជម្ងឺកូវីដ-១៩ ។ ឯកឧត្ដម លើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយើង ជាច្រើននាក់ បានឆ្លងជម្ងឺនេះ ជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក៏បានផ្ដល់នូវវ៉ាក់សាំងបង្ការទាំងនេះ យកមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក នៅក្នុងខែកក្កដា នេះ មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បីធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។ ឯកឧត្ដម មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃនេះ ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម អញ្ជើញមកចាក់វ៉ាក់សាំងនៅតាមទីតាំងដែលនៅជិតផ្ទះ និងតាមកាលវិភាគដែលអាជ្ញាធរមូលដ្ឋានកំណត់ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨.០០នាទី ដល់ម៉ោង ១១.០០នាទី នាពេលរសៀល ចាប់ពីម៉ោង ១៣.០០នាទី ដល់ម៉ោង ១៦.០០នាទី។
គួរបញ្ចាក់ថា៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំចំនួន ៤៦ទីតាំង សម្រាប់ចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាក្រុង ស្រុកខាងលើ។ ដោយក្នុងនោះ ត្រូវបានបែងចែកក្រុមគ្រូពេទ្យក្រសួងការពារជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងនៅស្រុកបាធាយ មានចំនួន ៣ទីតាំង, មន្ទីរពេទ្យយោធភូមិភាគ២ ទទួលបន្ទុកការចាក់វ៉ាក់សាំងនៅស្រុកជើងព្រៃ មានចំនួន ១៦ទីតាំង ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទទួលបន្ទុកចាក់វ៉ាក់សាំងនៅស្រុកព្រៃឈរ មាន១៥ទីតាំង ស្រុកកំពង់សៀម ០៨ទីតាំង និងក្រុងកំពង់ចាម មាន០៤ទីតាំង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម