

ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ៍ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជា អធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់ នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ជូនដល់ រដ្ឋបាលស្រុកក្រុង លោកមេឃុំចៅសង្កាត់ លោកមេប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ និងមន្រ្តីពាក់ព័ន្ធ ។
សូមជម្រាបជូនដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយ របស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវា ដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ អ.ដ.ក. គឺត្រូវបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង តាមរយៈ (១) -ការរក្សាបាននូវចរិត នៃការដោះស្រាយវិវាទក្នុងមូលដ្ឋាន ស្របតាមតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២) -ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួម កាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ








