logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ចង់បង្កើតភូមិថ្មី ត្រូវយល់អំពីចំណុចទាំងអស់នេះ
902
03-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

និយមន័យ ភូមិគឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិជាច្រើនរួមផ្តុំគ្នាបង្កើតបានឃុំ ឬសង្កាត់មួយ។ ភូមិនីមួយៗ ត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និងសមាជិកភូមិម្នាក់ជាជំនួយការ។ ដោយឡែកភូមិ មិនមែនជាថ្នាក់រដ្ឋបាលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ នេះបើយោងតាមសេចក្តីណែនាំ ០០៤ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។ 


ស្របតាមបរិបទនិងការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ចំនួនប្រជាជនក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបម្រែបម្រួលការផ្លាស់ប្តូរទីលំនៅពីតំបន់មួយទៅតំបន់មួយ ដែលទាមទារឱ្យមានការពង្រីកភូមិ ឬឈានទៅដល់ការបង្កើតភូមិថ្មីតែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។


តើការបង្កើតភូមិថ្មី ត្រូវមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ផ្អែកតាមសេចក្តីណែនាំខាងលើ ការបង្កើតភូមិថ្មីនៅទីតាំងណាមួយ ត្រូវមានលំនៅដ្ឋាន និងប្រជាពលរដ្ឋយ៉ាងតិច ១៥០គ្រួសារ ដែលប្រមូលផ្តុំគ្នានៅទីតាំងមួយសមស្រប ហើយដែលលំបាកដាក់បញ្ចូលនៅក្នុងភូមិណាមួយ នៃឃុំ-សង្កាត់ជាមួយ ឬឃុំ-សង្កាត់ដែលជិតខាងជាប់គ្នា។ ចំណុចមួយទៀតការបង្កើតភូមិថ្មី គឺមិនត្រូវស្ថិតក្នុងទីតាំងដែលច្បាប់ហាមឃាត់ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលនៃភូមិដែលគ្រោងបង្កើតថ្មីនោះគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ជិតខាងដែលនៅជាប់គ្នា។


បើតាមសេចក្តីណែនាំដដែល ការបង្កើតភូមិថ្មី ក៏ត្រូវមានការបំបែកភូមិដែរ ដូច្នេះការបំបែកភូមិ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា ភូមិដែលស្នើបំបែកនោះ មានប្រជាពលរដ្ឋច្រើនលើសលប់ ឬពិបាកគ្រប់គ្រង ក្រោយពេលបំបែកហើយ នៅសល់ចំនួនប្រជាពលរដ្ឋសមស្របយ៉ាងហោចណាស់ ស្មើនឹងភូមិដែលបង្កើតថ្មីដែរ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ណាមួយជិតខាងដែលនៅជាប់គ្នា។


ក្រៅពីចំណុចដែលបានបញ្ជាក់ក្នុងលក្ខណៈវិនិច្ឆ័យខាងលើនេះ រដ្ឋបាលឃុំ សង្កាត់ដែលមានបំណងបង្កើតភូមិថ្មី ត្រូវពិនិត្យមើលចំនួនភូមិដែលត្រូវបង្កើត ឬបំបែក ប្រៀបធៀបជាមួយនឹងថវិកាចំណាយផ្នែករដ្ឋបាលទូទៅនៃមូលនិធិឃុំ សង្កាត់ ដែលបានកំណត់មិនឱ្យលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់ នេះបើយោងតាមមាត្រា១២នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០០២ ស្តីពីមូលនិធិឃុំ សង្កាត់។ 


ក្នុងករណីមានការបង្កើតភូមិថ្មីច្រើននៅក្នុងឃុំតែមួយធ្វើឱ្យការចំណាយទៅលើប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ អនុប្រធានភូមិសមាជិកភូមិកើនឡើង ដែលបណ្តាលឱ្យថវិកាចំណាយផ្នែករដ្ឋបាលអាចកើនឡើងលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់។ សូមបញ្ជាក់ថា ក្នុងការបង្កើតភូមិថ្មីមួយ រដ្ឋបាលឃុំ សង្កាត់ ត្រូវចំណាយបន្ថែមសម្រាប់ប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ (៥៧០ ០០០រៀល) អនុប្រធានភូមិ (៤៤៥ ០០០រៀល) និងសមាជិកភូមិ(៤១៥ ០០០រៀល) សរុប ១ ៤៣០ ០០០រៀល/ខែ ឬ ១៧ ១៦០ ០០០រៀល/ឆ្នាំ។


សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានរដ្ឋបាលរាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន៣៣ ស្រុកចំនួន១៦៣ សង្កាត់ចំនួន២៧៤ ឃុំចំនួន១.៣៧៨ និងភូមិចំនួន ១៤.៥៨១ភូមិ៕


ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ