logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិន
84
23-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តផងដែរ។


យោងតាមអនុក្រឹត្យលេខ ៤៥៥ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការ ចំនួន ២រូប ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ១. លោក មូល វិចិត្រ ឋានន្តរស័ក្តិឧត្តម មន្រ្តី ថ្នាក់លេខ៥ ពីអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាល ខេត្តប៉ៃលិន។ ២. លោក មុត ភិសិទ្ធនា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ពីអភិបាល រងនៃគណៈអភិបាលខេត្តព្រះវិហារ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន។


ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើន សេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការ របស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។


ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបានជំរុញអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើ គ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកែលម្អសោភណភាពក្នុងខេត្ត យ៉ាងស្រស់បំព្រងផងដែរ គួរជាទីមោទនសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត៕


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ