

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមីនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ បន្ទាប់មក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមីនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអនុវត្តការងារ និងបង្កើនប្រសិទ្ធភាពការងាររបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕
ប្រភព៖ អគ្គាធិការដ្ឋាន










