logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ទូច សុខៈ អញ្ជើញចុះចែករំលែកព័ត៌មានសិក្សា និងការងារដល់សិស្សថ្នាក់ទី១១ និងទី១២ ជិត១ពាន់នាក់ នៅស្រុកល្វាឯម
336
10-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមបណ្ឌិត ទូច សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រួមជាមួយលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ និងព័ត៌មានទូទៅពាក់ព័ន្ធនឹងការសិក្សា ជាពិសេសការឆ្លងកាត់ជីវិតពីសិស្សទៅជានិស្សិត និងពីនិស្សិតទៅជាអ្នកបម្រើការងារតាមស្ថានប័នរដ្ឋ និងឯកជនដល់សិស្សថ្នាក់ទី១១ និងទី១២ ជិត១ពាន់នាក់ នៅស្រុកល្វាឯម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។


លោក រ៉េន រតនៈ បានចែករំលែក និងលើកឡើងពីបទពិសោធការងារដែលធ្លាប់ប្រកបអាជីពព័ត៌មានជាង១០ឆ្នាំ ឱ្យដឹងថា នេះជាលើកទី៣ហើយដែលលោកបានចូលរួមសម្របសម្រួលរៀបចំវគ្គចែករំលែកបទពិសោធន៍ និងព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សក្នុងស្រុកល្វាឯម ដែលជាស្រុកកំណើតរបស់លោក។ មូលហេតុដែលនាំឱ្យលោកផ្ដួចផ្ដើមរៀបចំវគ្គនេះឡើង គឺបន្ទាប់ពីបានសង្កេតឃើញបទពិសោធន៍ជោគជ័យប្រកបដោយគុណភាព ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំវគ្គនេះនៅតាមបណ្ដាវិទ្យាល័យទូទាំងខេត្តព្រៃវែង ដែលធ្វើឱ្យសិស្សានុសិស្ស ជាពិសេសថ្នាក់ទី១២ ទទួលបានព័ត៌មានច្រើនពាក់ព័ន្ធជម្រើសសិក្សា និងការងារ រួមទាំងបទពិសោធន៍ផ្សេងៗ ក្រោយពីពួកគេបញ្ចប់ការសិក្សាថ្នាក់ទី១២។ លោកបន្ថែមថា ជាក់ស្ដែងសម្រាប់រូបលោក និងសិស្សជំនាន់មុនៗ គឺបានបញ្ចប់ការសិក្សាថ្នាក់ទី១២ដោយភាពមិនច្បាស់លាស់ ពោលគឺមិនច្បាស់ថាខ្លួនគួររៀនជំនាញអ្វី ចង់ធ្វើអ្វី និងត្រូវរៀបចំជីវិតសិក្សា និងការងារដោយរបៀបណាជាដើម។


លោកបណ្ឌិត កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ បើទោះបីជាមានភាពមមាញឹកក្នុងការងារ ប៉ុន្តែលោកទាំងពីរតែងតែឆ្លៀតពេលវេលាមកចូលរួមជាវាគ្មិន ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងស្រុកល្វាឯម។ លោកចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ថាជាអំណោយផ្នែកពុទ្ធិដ៏ពិសេសថ្មីមួយទៀតសម្រាប់សិស្សានុសិស្សស្រុកល្វាឯម បន្ថែមលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការបើកវគ្គបំប៉ន់ត្រៀមប្រឡងបាក់ឌុបដោយឥតគិតថ្លៃផ្ដល់ជូនដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ក៏បានផ្ដល់អំណោយសៀវភៅ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ និងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១ សរុបជាងប្រមាណ១១០០ក្បាល ជូនសាលាស្រុកល្វាឯម វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ល្វាសរ ព្រមទាំងចែកជូនសិស្សានុសិស្សដែលបានចូលរួមផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ