

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងជំនួបកិច្ចពិភាក្សានេះ គឺផ្តោតលើប្រធានបទសំខានៗមួយចំនួនរួមមាន៖ ស្ថានភាពជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ,
លំហស៊ីវិល សេរីភាពបញ្ចេញមតិយោបល់ អង្គការ និងសមាគមន៍, ការប្រឹក្សាយោបល់លើដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល, បញ្ហាជម្លោះព្រំដែន និងការគាំទ្រជាមួយវិធានការជួយជនភៀស សឹកដែលរងផលប៉ះពាល់, របាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាប្រឆាំងទារុណកម្មដោយភាគីកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានបង្ហាញនូវជំហរប្តេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកអនុវត្តសិទ្ធិមនុស្ស និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងការយោគយល់អំពីបរិបទផ្ទាល់របស់កម្ពុជា។ ហើយទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិត បានសន្យាថានឹងពាំនាំនូវអនុសាសន៍ និងសំណូមពរផ្សេងៗពីតំណាងប្រចាំប្រទេស ដើម្បីគោរពរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាបនិងផ្តល់គោលការណ៍ណែនាំទៅអង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តវិធានការ សំដៅធានាការពារឱ្យបាននូវការគោរពសិទ្ធិមនុស្ស។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ









