logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមនៃវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោកនិងវគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស
57
13-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមនៃវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោកនិងវគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស សរុប១៧៩នាក់ នារី ៤៥នាក់ ដែលកំពុងសិក្សា-ហ្វឹកហាត់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានបញ្ជាក់ឱ្យដឹងថា 

ការរៀបចំវគ្គបំប៉នជំនាញទាំងពីរនាពេលនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រនិងឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការនៃការអនុវត្តច្បាប់ក្នុងបរិបទថ្មី ដែលប្រទេសកម្ពុជាយើងកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មក្នុងតំបន់និងអន្តរជាតិ។


សម្រាប់ វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក វគ្គនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនគរបាលចរាចរណ៍ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាព។ ដោយឡែក វគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស គឺជាវគ្គដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល ក្នុងការបង្ការ បង្ក្រាប ស៊ើបអង្កេត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដែលជាបទល្មើសឆ្លងដែននិងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។ មន្ត្រីនគរបាលត្រូវមានជំនាញទាំងផ្នែកច្បាប់ បច្ចេកទេសស៊ើបអង្កេត ការប្រមូលភស្តុតាង និងការការពារជនរងគ្រោះ ដោយគោរពគោលការណ៍សិទ្ធិមនុស្សនិងស្តង់ដាវិជ្ជាជីវៈ។


ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុង វិន័យ និងបទប្បញ្ញត្តិនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមគ្រប់សកម្មភាពសិក្សា ដោយមានស្មារតីទទួលខុសត្រូវ ដើម្បីក្រេបយកចំណេះដឹង បទពិសោធ និងបច្ចេកទេសថ្មីៗពីគ្រូឧទ្ទេស និងអ្នកជំនាញទាំងអស់ ឱ្យបានស៊ីជម្រៅនិងទូលំទូលាយ៕


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ