logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំកសាងផែនការអភិវឌ្ឍ ៥ឆ្នាំ (២០២៥-២០២៩) និងសេចក្ដីណែនាំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)
133
10-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំកសាងផែនការអភិវឌ្ឍ ៥ឆ្នាំ (២០២៥-២០២៩) និងសេចក្ដីណែនាំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើឡើងនៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យ។

   

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ​បានមានប្រសាស៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍ ៥ឆ្នាំខេត្ត (២០២៥-២០២៩) និងសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត នាឱកាសនេះ គឺមានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់ អ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ និង ព័ត៌មាននានាពាក់ព័ន្ធនឹងការងារក្រសួងផែនការអភិវឌ្ឍខេត្ត និងផ្សព្វផ្សាយពីការចាប់ផ្តើមដំណើរការរៀបចំ ផែនការអភិវឌ្ឍខេត្ត (២០២៥-២០២៩) ដើម្បីឱ្យអ្នកពាក់ព័ន្ធបានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍខេត្ត គឺដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានរស់នៅ ប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចរយៈពេលវែង ការអភិវឌ្ឍប្រកបដោយចីរភាព និងការបែងចែកផលនៃកំណើនទាំងនោះ ប្រកបដោយសមធម៌ កែលម្អ ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ ឱ្យឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងគោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។

   

លោក ឈឿន ក្រៃយ៉ុង បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និង ផែនទីបង្ហាញផ្លូវសម្រាប់វិស័យឌីជីថល ដែលជាមធ្យោបាយដ៏ចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវិត្តន៍កម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

 

ជាចុងក្រោយ គណៈអធិបតី ក៏បានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ សហការចូលរួមអនុវត្តន៍ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ឱ្យអស់ពីកម្លាំងកាយចិត្តតាមលំដាប់លំដោយនៃប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងអនុម័ត។ ហើយត្រូវយកចិត្តទុកដាក់លើការ ធ្វើបទបង្ហាញរបស់ក្រុមការងារអំពី ប្រតិទិនការងារសម្រាប់រៀបចំ និងកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ (២០២៥-២០២៩) គោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល សេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥- ២០២៧) និងទម្រង់ធាតុចូលនានាដែលក្រុមការងារនឹងបង្ហាញជូន និងមានការសួរបញ្ជាក់ថាឱ្យបានច្បាស់លាស់នូវបញ្ហា ចម្ងល់ទាំងឡាយដែលកើតមានជាក់ស្តែង ដើម្បីយកទៅរៀបចំឱ្យបានត្រឹមត្រូវ និងបញ្ជូនមកក្រុមការងារវិញបានទាន់ពេលវេលាកំណត់ ៕


ប្រភព​៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ