ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីបេីកវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មយេនឌ័រ និងការធ្វេីស្ថាប័នូបនីយកម្មយេនឌ័រ ។
ដែលមានការអញ្ជេីញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និង ឯកឧត្ដម លោកជំទាវអភិបាលរង រាជធានី ខេត្ត ព្រមទាំង សមាជិកសមាជិកា ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មយេនឌ័រ និងការធ្វេីស្ថាប័នូបនីយកម្មយេនឌ័រចំនួន២៣រាជធានី ខេត្ត សរុបប្រមាណ១៧៦រូប ស្រ្តី១៥១រូប ។
មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ លោកជំទាវ រដ្ឋលេខាធិការ ពិតមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ” ដ៏មានសារៈសំខាន់ នាពេលនេះ ។
ក្នុងនោះសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ចំនួន០២ គឺ ៖
១.បង្កើននូវការយល់ដឹង ជូនដល់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពី “បរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ ក្នុងវិស័យមហាផ្ទៃ ។
២. សិក្ខាកាម អាចយកចំណេះដឹងពីវគ្គបណ្តុះបណ្តាល ទៅប្រើប្រាស់បន្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹង កំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឬ ហៅម៉្យាងទៀតថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានា។ ទោះបីជាទទួលបាននូវវឌ្ឍនភាពបែបនេះក៏ដោយ ក៏នៅមានកិច្ចការជាអាទិភាពជាច្រើន ទៀតដែលត្រូវបន្តអនុវត្តពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបំពេញការងារ និងការផ្តល់សេវាសាធារណៈ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមចរិតលក្ខណៈ នៃរដ្ឋបាលនីមួយៗ ការបន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិការផ្ទេរធនធានហិរញ្ញវត្ថុ ឱ្យបានសមស្របជាមួយនឹងការអនុវត្តមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងបានបន្តពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តួនាទីសំខាន់ៗ របស់ស្ត្រី ក្នុងការអភិវឌ្ឍ ប្រទេស ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា (១៩៩៣) បានបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីគ្រប់រូបមានសិទ្ធិចូលរួមពេញលេញ នៅក្នុងវិស័យសាធារណៈ ការងារ និងអាចអនុវត្តសិទ្ធិ អំណាចរបស់ខ្លួននិងធ្វើការសម្រេចចិត្តនៅគ្រប់កម្រិត និងគ្រប់ទីកន្លែងទាំងអស់។ ជាក់ស្តែងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់វិស័យ និងគ្រប់កម្រិតព្រមទាំងការលើកកម្ពស់ការ រីកចំរើន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលត្រូវបានចាត់ទុកថា "ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា" ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តមរតកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់ស្ថានភាព និង តួនាទីរបស់ស្ត្រីដោយបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្ត្រី គឺ ជាស្នូល។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈដើម្បីទាញយកអត្ថប្រយោជន៍ពី ភាគលាភយេនឌ័រ ដោយបានបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយ អំពើហិង្សាទាក់ទងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។
ជាថ្មីម្តងទៀតលោកជំទាវ បានបន្តដើម្បីធានាបាននូវក្រុមការងារយេនឌ័រនៅថ្នាក់ជាតិ និងក្រុមការងារយេនឌ័រ នៅថ្នាក់ក្រោមជាតិដែលមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់ សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវមានការពិនិត្យ និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ នៅតាមអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឱ្យស្របតាមការរៀបចំនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង របស់ក្រសួង ស្ថាប័ន ព្រមទាំងស្របទៅតាមនិន្នាការនៃប្រែប្រួលជាសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និង សមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់ការធានាបាននូវគោលនយោបាយ សម ស្រប និងសមត្ថភាព ការអនុវត្តជាក់ស្តែង លទ្ធផលការងារ និងការទទួលខុសត្រូវ។ ក្នុងបរិការណ៍នេះ ទិសដៅការងារ ជាអាទិភាព គឺជាការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព សមត្ថភាពបុគ្គល និងសមត្ថភាពស្ថាប័ន។ ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានក្នុងសិក្ខាសាលានាពេលនេះបានជ្រាបថាគោលដៅយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង លើកកម្ពស់សមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាបាន នូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ ដូចនេះ ការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ គឺជាគោលដៅជាយុទ្ធសាស្រ្តចម្បង ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។ ដូច្នេះដើម្បីឱ្យវគ្គបណ្តុះបណ្តាល អាចប្រព្រឹត្តទៅដោយភាពរលូន និងទទួល បានប្រសិទ្ធភាព និងទទួលបាននូវជោគជ័យ ខ្ញុំសូមស្នើ លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាសិក្ខាកាមចូលរួមប្រកបដោយភាពសកម្ម និងយកចិត្ត ទុកដាក់ស្តាប់រាល់ការពន្យល់ បទបង្ហាញ ហើយសាកសួរ ចូលរួមកិច្ចពិភាក្សា ព្រមទាំងបញ្ចេញមតិយោបល់ឱ្យបានផុសផុល នៅក្នុងសិក្ខាសាលានេះ ។
ជាទីបញ្ចប់ លោកជំទាវ រដ្ឋលេខាធិការ ក៏ជូនពរ លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំង០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាស បើកវគ្គបណ្តុះបណ្តាល ស្តីពី“បរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ” ចាប់ពីពេលនេះតទៅ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ