logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង ១៥០គ្រួសារបន្ថែមទៀត ក្នុងស្រុកសំឡូត
186
18-October-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារនៅក្នុង ឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សង្កត់ធ្ងន់បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។


ឯកឧត្តម ណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។


ឯកឧត្តម ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងចៀសឆ្ងាយពីគ្រឿងញៀន។


ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ ក្នុងមូលដ្ឋានដែលខិតខំចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានការលំបាកដោយគ្រោះទឹកជំនន់ និងគ្រប់គ្រងស្ថានការបានដោយមិនឱ្យពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។


ប្រជាពលរដ្ឋ មើលឃើញថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញអារម្មណ៍កក់ក្ដៅដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ។


ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។


ជាមួយគ្នានេះ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ