

ក្នុងឱកាសបំពេញបេសកកម្មការងារ នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃសៅរ៍ ទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥គ្រួសារ រស់នៅក្នុង ភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការនាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។
ចំពោះការសាងសង់ជម្រកឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឱ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬ ត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬ រងវិបត្តិភ័យផ្សេងៗ។
ឯកឧត្តម ថ្លែងបន្តថា ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។
អំណោយដែលជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ចំនួន ១ រួមនិងថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម








