logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសចូលកាន់មុខតំណែងប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងផ្ដល់អនុសាសន៍ពង្រឹងអង្គភាព
106
21-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្រសួងមហាផ្ទៃបានសម្រេចស្នើរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ គ.ជ.ប.ទ ដោយ ឯកឧត្តម ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលកាន់មុខតំណែងជាប្រធានលេខាធិការដ្ឋានជំនួស ឯកឧត្តម នុត សត្យា ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ពិធីប្រកាស បានប្រារព្ធឡើងនារសៀសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ នុត សត្យា អតីតប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ សម្របសម្រួល និងពង្រឹងប្រសិទ្ធភាពការងារនាពេលកន្លងមក។ លទ្ធផល និងស្នាដៃទាំងនេះ ជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់លេខាធិការដ្ឋានបន្តអភិវឌ្ឍនាពេលខាងមុខទៀត។


ឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមថា ការផ្ទេរភារកិច្ច និងតែងតាំងប្រធានលេខាធិការដ្ឋានថ្មីនាពេលនេះ ធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រងធនធានមនុស្សរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើសមត្ថភាព និងបទពិសោធ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន និងឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។ ការផ្លាស់ប្តូរនេះមិនមែនជាការបដិសេធស្នាដៃចាស់នោះទេ ប៉ុន្តែជាការបន្តវេនដើម្បីពង្រឹង និងអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនជូនឯកឧត្តមប្រធានលេខាធិការដ្ឋាន ដើម្បីយកទៅជាមូលដ្ឋានក្នុងការដឹកនាំ និងអនុវត្តភារកិច្ច នាពេលខាងមុខ មានជាអាទិ៍ ត្រូវមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំ ត្រូវពង្រឹងសាមគ្គីភាពនិងការងារជាក្រុម ត្រូវពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋាន ត្រូវលើកកម្ពស់សមត្ថភាពមន្ត្រី ត្រូវពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ត្រូវយកចិត្តទុកដាក់លើការប្រមូល និងវិភាគទិន្នន័យស្ថិតិ ត្រូវបង្កើនការទំនាក់ទំនងសាធារណៈនិងលើកកម្ពស់ការយល់ដឹង និងត្រូវកសាងបណ្តាញសហការជាមួយអង្គការសង្គមស៊ីវិល។


គួររម្លឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ