

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង៧០ភាគរយ ដោយកាត់បន្ថយក្របខណ្ឌថ្មីសម្រាប់ថ្នាក់ក្រសួងមកនៅតែ២០ភាគរយប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋានរហូតដល់ជាង៨០ភាគរយ ហើយថាចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាលទៅថ្នាក់មូលដ្ឋានឱ្យបានច្រើននេះ ពិតជាចៀសមិនផុតឡើយពីការកាត់បន្ថយចំនួនក្របខណ្ឌដែលអង្គភាពចំណុះទីស្ដីការក្រសួងត្រូវទទួលបានប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ ឯកឧត្តមបានអះអាងថា ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង បានដើរតួនាទីជាម្ចាស់ស្នាដៃកំណែទម្រង់នេះយ៉ាងពិតប្រាដក និងរក្សាជំហរឯកភាពគ្នាបន្តកំណែទម្រង់នេះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា ការងារនេះ មានគោលដៅយុទ្ធសាស្ត្រសំដៅពង្រឹង និងគាំទ្រដោយផ្ទាល់ដល់ការបំពេញការងាររបស់មន្ត្រីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដើម្បីឱ្យពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលា។
ពីវេទិកាអធិបតីនេះ ឯឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជូនអង្គពិធីថា លទ្ធផលកំណែទម្រង់នេះ អាចសម្រេចទៅបាន ដោយសារគុណបំណាច់នៃមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាការប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេស ការបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិត។
សូមបញ្ជាក់ថា សិក្ខាកាម និងសិស្សនគរបាលជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាឱកាសនេះ មានសរុបចំនួន ១៥ វគ្គ ស្មើនឹង ១.៧១០ នាក់ (នារី ១៩៩នាក់)។ ក្នុងនោះ រួមមាន៖ ការបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៧វគ្គ មានជ័យលាភី ៥៣៨ នាក់ (នារី ៤៣នាក់), នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន ២វគ្គ មានជ័យលាភី ១៨៩នាក់ និងនៅសាលានគរបាលជាតិភូមិភាគ ចំនួន ៦វគ្គ មានជ័យលាភី ៩៨៣ នាក់ (នារី ១៧៦នាក់)៕










