តាកែវ៖ នៅក្នុងឱកាសអញ្ជើញជួបក្រុមកីឡាករ និងកីឡាជនពិការ ដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ចូលរួមប្រកួតកីឡាជាតិលើកទី០៤ និងកីឡាជាតិជនពិកាលើកទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃ អង្គារ៍ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការលើកទឹកចិត្តដល់បងប្អូនកីឡាករជនពិការ អោយប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីលើកកម្ពស់មុខមាត់ខេត្តតាកែវក៏ដូចជាលើកកម្ពស់មុខមាត់ប្រទេសជាតិយើងតាមរយៈការចូលរួមប្រកួតកីឡាដោយទទួលបានមេដាយមាស ប្រាក់និងសំរិទ្ធជាដើម។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើបងប្អូនពិការយ៉ាងក្លាជាទីបំផុត ពោលគឺមិនបានបោះបង់ជនពិការចោលនោះទេ ហើយបងប្អូនជនពិការយើងមួយចំនួនដែលមានសមត្ថតភាព ត្រូវបានលើកទឹកចិត្តនិងតែងតាំង អោយកាន់មុខតំណែងមួយចំនួននៅក្នុងក្រមខ័ណ្ឌមន្រ្តីរាជការនិងនយោបាយថែមទៀតផង។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ជនពិការនៅកម្ពុជាមិនមានការរើសអើងនោះទេ ជនពិការមានកិត្តិយស មានសមត្ថភាព មានសេចក្ដីថ្លៃថ្នូរហើយថែមទាំងបានផ្ដល់នៅមោទនភាពចំពោះប្រទេសជាតិតាមរយៈការចូលរួមប្រកួតកីឡាដោយឈ្នះបានមេដាយមាស មេដាយប្រាក់និងសំរិទ្ធជាដើម។ នេះគឺជាការខឹតខំប្រឹងប្រែងរបស់បងប្អូនជនពិការយើងដែលបង្ហាញពីសមត្ថភាពពិតរបស់ខ្លួន។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការលើកទឹកចិត្តដល់ក្រុមកីឡាករនិងកីឡាករជនពិការទាំងអស់ដែលទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ តាមរយៈការឧបត្ថមថវិកាមួយចំនួនជាការលើកទឹកចឹត្តដល់កីឡាករទាំងអស់ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ