logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សូមប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ
472
24-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់សាធារណជន និងប្រជាពលរដ្ឋទូទៅឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងឱកាសនៃការធ្វើដំណើរកម្សាន្ត ជួបជុំនៅតាមបណ្តាទីសាធារណៈក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០២៥ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខ  ពាក់ព័ន្ធនឹងករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ។


ករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ គឺជាប្រភេទបទល្មើសបែបប្រពៃណីមួយដែលនៅតែបន្តកើតមានស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក។ គោលដៅចម្បងរបស់ជនល្មើស គឺសាច់ប្រាក់ និងវត្ថុមានតម្លៃនានា របស់ជនរងគ្រោះមានដូចជា គ្រឿងអលង្ការ ទូរសព្ទដៃ ឧបករណ៍មានតម្លៃផ្សេងៗជាដើម។


ការបាត់បង់ទូរសព្ទដៃឆ្លាតវ៉ៃ (Smart Phone ) ឬឧបករណ៍ឌីជីថលផ្សេងៗរបស់ជនរងគ្រោះ នឹងបណ្តាល​ឱ្យជនល្មើសលួចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់បណ្តាញសង្គម លេខសម្ងាត់គណនីធនាគារ និងលួចផ្ទេរប្រាក់ចេញតាមគណនីធនាគារ (Banking Apps) ជាដើម ហើយក៏អាចភ្ជាប់អត្តសញ្ញាណរបស់ជនរងគ្រោះទៅនឹងបទល្មើសបច្ចេកវិទ្យាផងដែរ។


១. តើបទល្មើសករណីចោរលូកហោប៉ៅកើតឡើងដោយរបៀបណា?

- ករណីចោរលូកហោប៉ៅកើតឡើងនៅតាមទីសាធារណៈដែលមានភាពកកកុញ និងចង្អៀតណែន  ហើយកើតឡើងចំពោះបុគ្គលដែលកាន់សាច់ប្រាក់តាមខ្លួននៅទីសាធារណៈ។


២. តើធ្វើយ៉ាងដូចម្ដេច ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះដោយករណីចោរលូកហោប៉ៅ?

- កុំបង្ហាញសាច់ប្រាក់ដែលខ្លួនមានក្នុងចំនួនច្រើននៅតាមទីសាធារណៈ

»» សកម្មភាពនេះអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមចោរ ដូចនេះ គួរប្រើប្រាស់ជាលក្ខណៈ កាត ATM ជំនួស ពោលគឺជ្រើសរើសប្រតិបត្តិការ​ដោយមិនប្រើប្រាស់​សាច់ប្រា​ក់តា​មដែលអា​ច​​ធ្វើបាន។

- ករណីចោរលូកហោប៉ៅអាចកើតឡើងនៅពេលមានចំណោមមនុស្សច្រើននៅតាមទីសាធារណៈ

»» ត្រូវពិនិត្យកាបូបលុយ កាបូបយួរដៃ និងរបស់មានតម្លៃផ្សេងៗ ក្នុងករណីមានមនុស្សប៉ះអ្នក ពេលដែលអ្នកស្ថិតនៅចំណោមមនុស្សច្រើនតាមទីសាធារណៈ

- ត្រូវប្រុងប្រយ័ត្នចំពោះវិធីបោកប្រាស់ផ្សេងៗ

នៅពេលអ្នកមានប្រតិបត្តិការនៅតាមបញ្ជរ ឬទូ ATM

- ត្រូវមានស្មារតីជានិច្ចពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងថែរក្សារបស់របរឱ្យបា​នត្រឹ​ម​ត្រូ​​វ

- ចៀសវាងបាត់បង់ស្មារតីប្រុងប្រយ័ត្នដោយកាយវិការរំខានណាមួយពីជនមិនស្គាល់អត្តសញ្ញាណ


៣. វិធានការបង្ការខ្លួនពីបទល្មើសករណីចោរលូកហោប៉ៅ៖

- កុំយកសាច់ប្រាក់មានចំនួនច្រើនតាមខ្លួន

- ថែរក្សា ទុកដាក់កាបូបលុយនៅក្នុងហោប៉ៅឱ្យបានត្រឹមត្រូវ

- កាន់កាបូបរបស់អ្នកឱ្យបានជាប់ល្អ និងត្រូវរ៉ូតបិទឱ្យបានត្រឹមត្រូវ

- ត្រូវដាក់កាបូបនៅផ្នែកខាងមុខខ្លួនអ្នក ធ្វើយ៉ាងណាត្រូវប្រាកដថាអ្នកអាចថែរក្សាវាបាន

- កុំទុកកាបូបចោលក្នុងកន្ត្រកទំនិញ ឬរទេះរុញទំនិញ


៤. វិធីសាស្ដ្រការពារសុវត្ថិភាពទូរសព្ទឆ្លាតវៃ និងឧបករណ៍ឌីជីថល

- ត្រូវចាក់សោទូរសព្ទដៃ ឬឧបករណ៍ឌីជីថលរបស់លោកអ្នកជាមួយលេខសម្ងាត់ដែលពិបាកទស្សន៍ទាយ

- ត្រូវបើកដំណើរការមុខងារលើឧបករណ៍ឌីជីថលដូចជា Find My iPhone ឬ Find My Device ដើម្បីកំណត់ទីតាំង ឬលុបឧបករណ៍របស់អ្នកពីចម្ងាយ

- ត្រូវបើកមុខងារសុវត្ថិភាពបន្ថែមលើគណនីបណ្តាញសង្គមលោកអ្នកដូចជា Two Factors Authe​n​tic​ation (2FA) ជាដើម

- ត្រួតពិនិត្យប្រតិបត្តិការគណនីធនាគារ និងគណនីទូទាត់សាច់ប្រាក់អនឡាញរបស់លោកអ្នកជាប្រចាំ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ