logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ប័ណ្ណជ័យលាភី និងប័ណ្ណសរសើរថ្នាក់ជាតិ អារាមស្អាត អារាមបៃតង នៅទូទាំងប្រទេសជូនវត្តសាលរង្សិយារាម
260
20-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីប្រគល់ប័ណ្ណជ័យលាភី វត្តសាលរង្សិយារាម ស្រះរង្សី (វត្តស្រះរាំង) ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទទួលបានប័ណ្ណជ័យលាភី និងប័ណ្ណសរសើរ ថ្នាក់ជាតិ អារាមស្អាត អារាមបៃតង ក្នុងការប្រឡងប្រណាំងអារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន ដែលជាការខិតខំរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានលះបង់ខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងទីវត្តអារាមរហូតទទួលបានលទ្ធផលគួរជាទីរីករាយ។


ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រីលេីកឡេីងថា សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះ ជាអត្តសញ្ញាណ និង គុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗ ធ្វើឱ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាពសមរម្យ និង មានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងសង្គមជាតិ។


ឯកឧត្ដម បន្តថា ៖ ព្រះពុទ្ធសាសនា បានបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបាន សេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍ ទាំងលោកនេះ និង លោកខាងមុខផងដែរ ។


ដើម្បីឱ្យស័ក្ដិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ឯកឧត្ដម អភិបាល ខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ពុទ្ធ បរិស័ទ សិស្សានុសិស្ស ត្រូវខិតខំបន្តទៀត ដើម្បីអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថ្មីទៀត តាមរយៈការពង្រឹងតួនាទី ភារកិច្ចដឹកនាំ ការគ្រប់គ្រង និងការពង្រឹងពង្រីកចំណេះដឹងពិតរបស់ព្រះពុទ្ធសាសនាក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតឱ្យបានរឹងមាំ ។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជានឹងបានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត មើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិតាមបរមពុទ្ធោវាទ ដែលផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង ការធ្វើនូវអំពើល្អ និង ការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ដែលជាគុណតម្លៃសំខាន់ចាំបាច់សម្រាប់ជួយឱ្យសង្គមមានភាពសុខដុមរមនា៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ