logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនពរប្រទេសឡាវទទួលជោគជ័យក្នុងតួនាទីប្រធានអាស៊ានប្ដូរវេនដែលនឹងមានកិច្ចប្រជុំធំៗនាពេលខាងមុខនេះ
572
16-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។ 


ឯកឧត្ដមអភិសន្តិបណ្ឌិត មានប្រសាសន៌បែបនេះ ក្នុងឱកាសទទួល ឯកឧត្ដម បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមអបអរសាទរ​រដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ។ 


ជាការឆ្លើយតប ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធដែលនៅតាមបណ្ដាព្រំដែនជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ។


ក្រៅពីនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូតឡាវ ក៏បង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិបណ្ឌិត នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរផងដែរ៕

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ