logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិត្តិយសអ្នកដទៃ និងមុខមាត់ខេត្ត
148
03-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។

ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ថ្មីៗនេះមានយុវជនម្នាក់បានបង្កើតមាតិកា ហើយបានបង្កការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់របស់ខេត្តតាកែវទាំងមូល។ ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់ប្រជាពលរដ្ឋខេត្តតាកែវបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយខេត្តតាកែវជាងមួយលាននាក់ ត្រូវបានគេរើសអើង។


ឯកឧត្តមបានបន្តទៀតថា ករណីបង្កើតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ គឺជាបញ្ហាដែលមិនអាចទទួលយកបានដាច់ខាត និងបានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកា ឱ្យចេះប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមច្បាប់ និងមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ ។


ឯកឧត្តម វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់យុវជនអ្នកផលិតមាតិកាឱ្យងាកមកផ្តោតលើការផលិតខ្លឹមសារដែលមានប្រយោជន៍ និងមានតម្លៃខ្ពស់សម្រាប់សង្គម ពាក់ព័ន្ធនឹង ទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និង ការអប់រំ ជាពិសេសខ្លឹមសារពាក់ព័ន្ធនឹងយុវជន ដែលអាចយកជាគំរូតាមបាន ការផលិតមាតិកាវិជ្ជមានទាំងនេះ គឺពិតជាជួយផ្សព្វផ្សាយមុខមាត់ខេត្តតាកែវ និងលើកកម្ពស់វប្បធម៌របស់យើងទៅកាន់ពិភពលោក" ៕

សូមបញ្ចាក់ថា យុវជនម្នាក់ដែលបង្កើតមាតិការធ្វើឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូរខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក្រសួងព័ត៌មាន និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានវិធានការម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានកោះហៅយុវជនខាងលើនេះ មកធ្វើកិច្ចសន្យា និងអប់រំណែនាំ ទទួលស្គាល់កំហុសរួចរាល់ផងដែរ ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ