logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះជន្មាយុគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា
63
14-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពន្ធនាគារខេត្ត មន្ត្រីរាជការជុំវិញខេត្ត យុវជន ស.ស.យ.ក និងសិស្ស-និស្សិត រៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ជាកិច្ចចាប់ផ្តើមនៃពិធីដ៏មហានក្ខត្តឫក្សនេះ ក៏មានព្រះវត្តមានរបស់ ព្រះសមាធិធម្ម យិត្ត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ ដោយព្រះអង្គបានដឹកនាំព្រះមន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់ជាន់ថ្នាក់ រៀបចំកិច្ចពិធីសាសនា សូត្រមន្តស្វាធ្យាយជយន្តោ និងពុទ្ធជ័យមង្គល ដើម្បីថ្វាយព្រះពរជ័យមង្គល សិរីសួស្តី វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ បានអានសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរជ័យយ៉ាងមហោឡារិក ដោយបានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏មហាប្រសើរ ដែលព្រះអង្គតែងតែលះបង់ព្រះរាជកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសុខសន្តិភាពសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។


ក្នុងសារលិខិតនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ដោយក្តីគោរពថា៖«ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបុណ្យបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរតរៀងទៅ»។


ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានសម្តែងនូវការគោរពកោតសរសើរឥតឧបមា ចំពោះព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល ដែលព្រះអង្គតែងតែប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន ជួយដល់វិស័យសុខុមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។ កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់រាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពង់ខ្ពស់នៅលើឆាកអន្តរជាតិទៀតផង។


ការប្តេជ្ញាចិត្តដង្ហែតាមព្រះរាជកិច្ចដឹកនាំជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ ក៏បានបញ្ជាក់ពីភក្តីភាពយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំទាំងមូល ក្នុងការដង្ហែតាមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាលំដាប់។


សូមបញ្ជាក់ថា ថ្ងៃទី១៤ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលប្រជាជាតិខ្មែរទាំងមូល រួមចិត្តរួមថ្លើម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់បំផុត ដែលទ្រង់ជាតំណាងនៃឯកភាពជាតិ និងជាមហាកម្លាំងចលករនៃសុខដុមរមនារបស់កម្ពុជា៕


ប្រភព​៖​ រដ្ឋបាល​ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ