

នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសលើការងារបណ្តុះបណ្តាលនិងការបង្ហាត់បង្រៀន ដោយមានការអញ្ជើញចូលពីឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន សាស្ត្រាចារ្យ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសលើការបណ្តុះបណ្តាលនិងការបង្ហាត់បង្រៀន ពិសេសតួអង្គ ដែលមានភារកិច្ចចែករំលែកចំណេះដឹងនិងបទពិសោធដល់អ្នកសិក្សា ត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ មានគម្រោងមុខវិជ្ជាត្រឹមត្រូវ ឯកសារបង្រៀនឬសៀវភៅគោលច្បាស់លាស់ មានវិធីសាស្ត្រល្អៗក្នុងការចែករំលែកចំណេះដឹង ពង្រីកការស្រាវជ្រាវលើខ្លឹមសារមេរៀន ស្របតាមបរិបទឬសភាពការណ៍សន្តិសុខ នាពេលបច្ចុប្បន្ន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានបញ្ជាក់បន្ថែមថា ចំពោះ អង្គភាពបណ្តុះបណ្តាល ត្រូវបន្តគ្រប់គ្រងវគ្គបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព ដោយអនុវត្តតាមសេចក្តីណែនាំរបស់បណ្ឌិត្យសភានិងផែនការគ្រប់គ្រងវគ្គដែលបានកំណត់ ព្រមទាំងបន្តកិច្ចសហការនិងសម្របសម្រួលលើការបង្ហាត់បង្រៀនរបស់សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ដោយអនុវត្តកម្មវិធីសិក្សាដែលបានកំណត់និងស្របតាមស្តង់ដាគុណភាពអប់រំ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា












